ពូកែមែន! យុវជនវ័យក្មេងនៅខេត្តកំពង់ស្ពឺកែច្នៃអាចម៍រណា ធ្វើជាធ្យូងអនាម័យ រកចំណូលបានពី ៤០០ទៅ ៥០០ដុល្លារក្នុងមួយខែ
អាជីវកម្ម March 22, 2021 Khmernote

យុវជនវ័យក្មេងមួយរូបនៅខេត្តកំពង់ស្ពឺ មានគំនិតច្នៃប្រឌិតអាចម៍រណា ធ្វើជាធ្យូងអនាម័យ ដើម្បីប្រើប្រាស់ ក្នុងការចម្អិនអាហារប្រចាំថ្ងៃដែលមានផលចំណេញច្រើន ហើយជួយការពារបរិស្ថានថែមទៀតផង។ យុវជន វ័យ ២៧ឆ្នាំ មានឈ្មោះ លី សុវណ្ណដា រស់នៅភូមិរលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រាប់វិទ្យុជាតិ កម្ពុជាថា លោកបានបើកសិប្បកម្មកែច្នៃអាចម៍រណានេះ យកមកធ្វើជាធ្យូងអនាម័យជាង១ឆ្នាំហើយ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ក៏ដូចជាការនាំចេញទៅកាន់រាជធានីខេត្តផ្សេងៗទៀត។

លោកបានបន្តថា សម្រាប់បច្ចេកទេសក្នុងការ ផលិតធ្យូងអនាម័យ គឺបានសិក្សាតាមប្រពន្ធអ៊ីនធើណិត និងបានការផ្ដល់មតិយោបល់ពីមិត្តភក្តិ ក៏ដូចជាការស្វែងយល់ចំណេះវិជ្ជាខ្លះៗ ពីជនជាតិចិន ដែលគាត់ធ្លាប់បានធ្វើការជាមួយ។ លោកបានបន្ថែមថាមូលហេតុដែលលោកបើកសិប្បកម្មកែច្នៃអាចម៍រណានេះ មកធ្វើធ្យូងអនាម័យ ដោយលោកក្រឡេកឃើញបច្ចុប្បន្នធ្យូងអនាម័យកំពុងមានទីផ្សាល្អ ហើយលោកចង់រួមចំណែក កាត់បន្ថយការកាប់បំផ្លាញព្រៃឈើ យកមកផលិតជាធ្យូង។

“មូលហេតុធំ ដោយសារតែខ្ញុំមើលឃើញអាចម៍រណាតាមសិប្បកម្ម គេយកទៅចោលអត់មានតម្រូវការច្រើនទេ អ៊ីចឹងទើបខ្ញុំយល់គួរតែមានអ្វីយកវាទៅប្រើឱ្យអស់ក៏សិក្សារឿងធ្យូងហ្នឹងហើយណាមួយទៀតចង់ឱ្យមានផលិតផលមួយជំនួសធ្យូងព្រៃយើងដោយការកាប់បំផ្លាញព្រៃឈើពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងច្រើន”។

លោកបានបន្តទៀតថា ក្នុងមួយខែលោកអាចផលិតធ្យូងអនាម័យបានប្រមាណ ពី១០ ទៅ១៥តោន និងអាចរកចំណូលបានពីចន្លោះ ៤០០០ដុល្លារ ទៅ៥០០០ដុល្លារ ក្នុងមួយខែ។ ក្នុងនោះដែរលោកក៏មានម៉ូយទិញ ពីខេត្តកោះកុង និងខេត្តព្រះសីហនុ ជាប្រចាំផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន