ប្រជាកសិករខេត្តមណ្ឌលគិរី បានចែករំលែកបទពិសោធន៍ ការដាំកាហ្វេ ឱ្យទទួលបានទន្ធផលល្អ ជូនដល់កសិករផ្សេង ទៀត ដែលមានបំណងចង់ដាំ ខណៈដែលបច្ចុប្បន្នកាហ្វេនៅមណ្ឌលគិរី កំពុងមានអតិថិជនត្រូវការច្រើន ។ លោកស្រី មាស មករា ស្ថិតនៅក្នុងភូមិម៉ាប្រយ៉ោង ឃុំភូលូក ស្រុកពេជ្រតា ខេត្តមណ្ឌលគិរី បានប្រាប់វិទ្យុជាតិកម្ពុជាថា ដំណាំកាហ្វេគឺជាប្រភេទដំណាំដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ ។ ដូច្នេះលោកស្រី ក៏បានបំផុសឱ្យប្រជាពលរដ្ឋយើង ចូលរួមដាំដំណាំប្រភេទនេះឱ្យបានច្រើន ដោយលោកស្រីបានជួយផ្តល់បច្ចេកទេស និងរកពូជល្អៗសម្រាប់ដាំ ខណៈដែលពូជទាំងនោះ នាំយកមកពីប្រេស៊ីល និងកូឡុំប៊ី ដោយដាំផ្សាំជាមែកពូជ ។
លោកស្រីបន្តថា សម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលចង់ដាំកាហ្វេ គួរតែស្វែងយល់ឱ្យបានច្បាស់ ពីបច្ចេកទេសដាំ ទាំងការប្រើប្រាស់ជី ការប្រើប្រាស់ទឹក និងការជ្រើសរើសយកប្រភេទពូជណា ដែលធន់នឹងការប្រែប្រួលអាកាធាតុក្នុងស្រុកយើងដើម្បីទទួលបានទិន្នផលខ្ពស់។

លោកស្រីបានមានប្រសាសន៍ថា៖ « ចង់ឱ្យមានការយល់ដឹងគាត់ងាកមកដាំកាហ្វេព្រោះអីទីផ្សារនៅស្រុកខ្មែរ អត់គ្រប់ទេ រាល់ថ្ងៃយើងនាំចូលច្រើនទីមួយ ហើយទីពីរសូមសំណូមពរពួកគាត់ពេលយើងដាំចឹងកុំឱ្យប្រើជីគីមីតាមគេគឺយើងត្រូវប្រើជីធម្មជាតិ ហើយយើងផ្គត់ផ្គង់ តែក្នុងស្រុកយើងទៅបងមានតែប៉ុណ្ណឹងចង់ឱ្យគាត់ងាកមកដាំកាហ្វេកុំឱ្យជឿតាមគេថាដាំកាហ្វេអត់មានទីផ្សារតាមពិតទៅ កាហ្វេគឺមានទីផ្សារ។

លោកស្រី បានបន្ថែមថា ដំណាំកាហ្វេ អាចប្រមូលផលបានក្រោយពីដាំក្នុងរយៈពេល ៤ឆ្នាំ ហើយក្នុង១ឆ្នាំ អាចប្រមូលផលបាន ៤ ទៅ៥ តោនក្នុងទំហំដី១០ហិកតា ។ សម្រាប់តម្លៃវិញគឺផ្លែកាហ្វេស្រស់ក្នុង១គីឡូតម្លៃ៤ដុល្លារ កាហ្វេគ្រាប់ស្ងួត៥ដុល្លារ និងកាហ្វេកិនរួច ៨ដុល្លារ។
សូមបញ្ជាក់ថា លោកស្រីមាស មករា បានចាប់ផ្ដើមដាំកាហ្វេតាំងពីឆ្នាំ២០១៤ មានសមាជិក២០នាក់ ដាំលើផ្ទៃដីសរុប ប្រមាណ ១០ហិកតា៕

ប្រភព៖ ក្រសួងព័ត៌មាន


