ប្រជាជនក្នុងភូមិមួយនៅស្រុក Na Wa នៃខេត្ត Nakhon Phanom បាននាំគ្នាចាប់សត្វតុកកែ វះ ហាល ឲ្យស្ងួតដើម្បីនាំចេញ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា រដូវប្រាំងនេះជាពេលវេលាដ៏ល្អបំផុត ក្នុងការចាប់តុកកែ ដើម្បី វះ ហាល ហើយនាំចេញ ខណៈសត្វនេះត្រូវបានប្រើក្នុងឱសថបុរាណចិន ហើយផ្តល់ប្រាក់ចំណូលយ៉ាងច្រើនសម្រាប់សហគមន៍។
ប្រភពដដែលបានបន្តថា ប្រជាជនជាង ៣០០គ្រួសារនៅ Ban Tan នៃស្រុក Na Wa អាចរកប្រាក់បានពី ៥០០០០ ទៅ ១០០,០០០ បាត ស្មើនឹងជាង ១៦០០ដុល្លារ ទៅជាង ៣២០០ ដុល្លារក្នុងមួយខែ ដោយលក់សត្វតុកកែស្ងួតទៅអ្នកនាំចេញទៅចិន និងតៃវ៉ាន់។
គួរឲ្យដឹងថា រដូវប្រាំងនេះ គឺជាពេលវេលាដ៏មមាញឹកមួយ នៅឯ Ban Tan ខណៈដែលអ្នកភូមិបានចាប់សត្វល្មូនតូចៗនៅក្នុងផ្ទះ និងនៅតាមភូមិ ឬ វាលជិតខាង។ ជាធម្មតាពួកគេប្រើខ្សែ និងសម្លេងរោទិ៍ ហើយអ្នកខ្លះប្រើការបាញ់កាំភ្លើងនៅកន្លែងដែលមានសុវត្ថិភាព។ ទន្ទឹមនឹងនេះដែរ គ្រួសារខ្លះលក់តុកកែរស់អោយឈ្មួញក្នុងស្រុកក្នុងតម្លៃ ៤០-៥០ បាតក្នុងមួយក្បាល។

លោកស្រី Noppamas Wongsanao អាយុ ៣៨ឆ្នាំ រស់នៅភូមិនេះ បាននិយាយថា ប្រជាជននៅទីនោះបានរកចំណូលពីការលក់តុកកែស្ងួតអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ ដំបូងវាមានតែអ្នកភូមិមួយចំនួនតូចប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលមនុស្សដឹងថាការចាប់តុកកែលក់រកប្រាក់ចំណូលបានច្រើន អ្នកដទៃទៀតក៏ធ្វើតាម។

លោកស្រីបានបន្តថា ទោះមានរោគរាតត្បាត Covid-19 ក៏ដោយក្ដី ក៏មិនបានប៉ះពាល់ដល់មុខរបរចាប់តុកកែរបស់ពួកគេដែរ។ ពួកគេមានការងារធ្វើពេញមួយឆ្នាំដោយការចាប់ និងវះ ហាល សត្វតុកកែនេះ ហើយការនាំចេញតុកកែស្ងួត គឺជាអាជីវកម្មដែលរកចំណូលបានច្រើនហើយ បង្កើតការងារនិងប្រាក់ចំណូលដល់អ្នកភូមិ។ ជាក់ស្ដែងគ្រួសារនីមួយៗអាចរកប្រាក់បាន ៥០,០០០ បាតក្នុងមួយខែហើយខ្លះអាចទទួលបាន ១០ ម៉ឺនបាតក្នុងមួយខែ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


