កសិកររីករាយ ហើយញញឹមស្រស់វិញ ខណៈស្ពៃជើងទាមានហាងឆេងឡើងវិញ និងផ្តល់ការងារដល់ពលករដែលត្រឡប់មកពីថៃ
អាជីវកម្ម March 4, 2021 Khmernote

ស្ពៃជើងទា ដែលប្រជាជនខ្មែរយើងនិយមយកទៅធ្វើជ្រក់ ឬ ស្លម្ជូរនោះ ចាប់ផ្តើមមានហាងឆេង គួរសមវិញហើយ ដែលធ្វើឲ្យម្ចាស់ចម្ការរីករាយ ដោយសារអាចផ្តល់ផលចំណេញខ្លះ និង អាចផ្តល់ការងារដល់ពលករដែលទើប ត្រឡប់មកពីថៃផង។ លោក ពុយ ជាម្ចាស់ចម្ការស្ពៃជើងទាប្រមាណជិត ៣០រ៉ៃក្នុងភូមិអំពិល ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង បាននិយាយថា បច្ចុប្បន្នគាត់កំពុងមមាញឹកប្រមូលផលស្ពៃជើងទាមួយកន្លែងសិនដែលមានទំហំ ១៤រ៉ៃ ដែលអាចប្រមូលផលបានជាង១០០តោន ។ លោកបញ្ជាក់ថា ១សប្តាហ៍មកនេះ ស្ពៃជើងទាបានហក់ឡើងមួយគីឡូ ៥០០រៀលវិញហើយ ខណៈកន្លងទៅបានតែ ២០០ទៅ ៣០០រៀលប៉ុណ្ណោះ។

លោកបន្តថា តម្លៃ៥០០រៀលមួយគីឡូ អាចផ្តល់ផលចំណេញបានខ្លះ ក្រៅពីចំណាយលើកម្មករដែលធ្វើការជាប្រចាំក្នុងចម្ការរបស់លោក ជិត២០នាក់ដែលភាគច្រើនទើបត្រឡប់មកពីថៃ ។ អតីតពលករដែលទើបត្រឡប់មកពីប្រទេសថៃ ប្អូនប្រុស ជឿត បាននិយាយថា ក្រុមខ្លួនមានគ្នា១០នាក់ រួមកម្លាំងគ្នា ស៊ីឈ្នួលប្រមូលផលស្ពៃជើងទា ក្នុងមួយថ្ងៃបាន៥តោន ដោយក្នុងមួយតោនតម្លៃ ១០ម៉ឺនរៀល ។ ប្អូននិយាយថាក្នុងមួយថ្ងៃអាចរកបានម្នាក់៥ម៉ឺនរៀលដែរ បើប្រៀបធៀបធ្វើការនៅថៃមិនខុសគ្នានោះទេ ។

ក្រុមពលករដែលកំពុងស៊ីឈ្នួលប្រមូលផលស្ពៃជើងទា បាននិយាយថា បើសិនជាមានការងារក្នុងស្រុកធ្វើរាល់ថ្ងៃ ពួកគាត់មិនត្រឡប់ទៅប្រទេសថៃវិញនោះទេ ដូច្នេះពួកគាត់សំណូមពរដល់រាជរដ្ឋាភិបាលឲ្យជំរុញទីផ្សារបន្លែក្នុងស្រុក ឲ្យថ្លៃគួរសម ដើម្បីឲ្យម្ចាស់ចម្ការបន្តដាំកាន់តែច្រើន នឹងផ្តល់ការងារច្រើនថែមទៀតដល់ ពលករដែលទើបត្រឡប់មកពី ប្រទេសថៃបានធ្វើការដើម្បីចិញ្ចឹមជីវិតផង៕

ប្រភព៖ ក្រសួងព័ត៌មាន