ក្រុមហ៊ុន Thai Airways ប្រកាសថានឹងកាត់បន្ថយកម្លាំងពលកម្មដល់ទៅពាក់កណ្តាលទៀត ក្រោយកាត់បន្ថយអស់រាប់រយនាក់មកហើយនាពេលថ្មីៗនេះ
អាជីវកម្ម March 4, 2021 Khmernote

ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways បាននិយាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនគ្រោងនឹងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួនចំនួន ៥០% ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ដោយសារក្រុមហ៊ុនដឹកជញ្ជូនដ៏ល្បីមួយនេះមានបញ្ហា ហើយបានដាក់ផែនការស្តារនីតិសម្បទារបស់ខ្លួន។ ប្រធានស្តីទីលោក Chansin Treenuchagron បានប្រាប់សន្និសីទកាសែតមួយថា ក្រុមហ៊ុនអាកាសចរណ៍គ្រោងនឹងរក្សាបុគ្គលិកឲ្យបន្តធ្វើការតែចន្លោះពី ១៣,០០០ ទៅ ១៥,០០០ នាក់នៅក្នុងបញ្ជីរបស់ខ្លួននៅឆ្នាំ ២០២៥ ប៉ុណ្ណោះ។

បើតាមប្រភពពីណែនាំពាក្យម្នាក់បានឲ្យដឹងថា ក្រុមហ៊ុនបានបញ្ជូនផែនការស្តារនីតិសម្បទារបស់ខ្លួនទៅនាយកដ្ឋានប្រតិបត្តិច្បាប់របស់ប្រទេស ហើយការប្រកាសនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍កាលពីខែមុន បានកាត់បន្ថយតំណែងគ្រប់គ្រងចំនួន ២៤០ និងកាត់បន្ថយកម្រិតត្រួតពិនិត្យពី ៨ ទៅ ៥ ដើម្បីបង្កើនប្រសិទ្ធភាព។ គួរឲ្យដឹងផងដែរថា កាលពីឆ្នាំមុនក្រុមហ៊ុនអាកាសចរណ៍មួយនេះ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនបានកត់ត្រាការធ្លាក់ចុះ ៧៣% នៅក្នុងតំបន់ និងការធ្លាក់ចុះ ៧៨% នៃអ្នកដំណើរ។ ក្រុមហ៊ុនបានដឹកអ្នកដំណើរចំនួន ៥.៨៧ លាននាក់កាលពីឆ្នាំមុនដែលមានចំនួនតិចជាង ៧៦% បើប្រៀបធៀបនឹងឆ្នាំ ២០១៩។ ក្នុងនោះអ្នកដំណើរភាគច្រើនត្រូវបានហោះហើរមុនពេលការផ្ទុះឡើងនៃវីរុស Covid-19 ដែលបានបណ្តាលឱ្យក្រុមហ៊ុនអាកាសចរណ៍ត្រូវចាប់គាំងមិនមានប្រតិបត្តិការទាំងមូលតែម្ដងកាលពីខែឆ្នាំមុន។

ទន្ទឹមនឹងការធ្លាក់ចុះ កាលពីឆ្នាំទៅ ក្រុមហ៊ុនក៏បានដាក់ពាក្យទៅតុលាការក្ស័យធន ដើម្បីស្ដារក្រុមហ៊ុននេះឡើងវិញ ដោយជាប់បំណុលសរុបដល់ទៅចំនួន ៣៣៨.៩ ពាន់លានបាត ធៀបនឹងទ្រព្យសម្បត្តិសរុបចំនួន ២៩៨.៩ ពាន់លានបាតគិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា។ ក្រោយពីដាក់ពាក្យក្ស័យធនរួច ក្រុមហ៊ុនចាប់ផ្ដើមស្តារឡើងវិញ តាមរយៈវិធីសាស្រ្តជាច្រើនរួមមាន កាត់បន្ថយបុគ្គលិក និងពីឡុត រាប់រយនាក់, បើកបម្រើភោជនីយដ្ឋាន និងកាហ្វេផ្ទាល់ដី, ដាក់លក់សម្ភារៈក្នុងឃ្លាំង, ជួលការិយាល័យរបស់ខ្លួន ជាពិសេសទៅទៀតនោះគឺដាក់លក់យន្តហោះដឹកអ្នកដំណើររហូតដល់ទៅ ៣៤គ្រឿង​៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost