ក្រុមហ៊ុនជប៉ុនមួយ ចាយលុយ ២លានដុល្លារទិញភាគហ៊ុនប្រតិបត្តិកររថយន្តក្រុងនៅថៃ ដែលនឹងជួយកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីត និងការកកស្ទះចរាចរណ៍
អាជីវកម្ម March 3, 2021 Khmernote

ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន Toyota Tsusho Corp កំពុងទិញភាគហ៊ុនក្នុងក្រុម​ហ៊ុន ATP30 Public Co ដែលជាប្រតិបត្តិកររថយន្តក្រុងដឹកអ្នកដំណើរសម្រាប់តំបន់ឧស្សាហកម្មក្នុងប្រទេសថៃ ដើម្បីលើកកម្ពស់ភាពចល័តឆ្លាតវៃសម្រាប់សេវាកម្មរបស់ខ្លួន។ ក្រុមហ៊ុន Toyota Tsusho បាននិយាយកាលពីសប្ដាហ៍មុនថា ក្រុមហ៊ុនពាណិជ្ជកម្មរបស់ជប៉ុន Toyota Motor Corp កំពុងទិញភាគហ៊ុន ៩,៥% នៅក្នុងក្រុមហ៊ុន ATP30 ក្នុងតម្លៃ ៦៤,៣៥ លានបាត (២ លានដុល្លារ) តាមរយៈអង្គភាពក្នុងស្រុករបស់ខ្លួនគឺក្រុមហ៊ុន Toyota Tsusho Thai Holdings Co ។

ប្រភពពីក្រុមហ៊ុនដដែលបានបន្តឲ្យដឹងថា ភាពជាដៃគូនេះ នឹងជួយឲ្យក្រុមហ៊ុន Toyota Tsusho ផ្ដល់ឲ្យ​ក្រុមហ៊ុន ATP30 នូវបច្ចេកវិទ្យាឌីជីថល ដែលទាក់ទងទៅនឹងការចល័តដើម្បីបង្កើនសុវត្ថិភាព និងប្រសិទ្ធភាពនៃសេវាកម្មដឹកអ្នកដំណើរជាចម្បងសម្រាប់អាជីវកម្មជប៉ុន ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសថៃ។ ទន្ទឹមនឹងនេះ ប្រព័ន្ធដំណោះស្រាយរបស់ក្រុមហ៊ុន ក៏នឹងជួយធ្វើឱ្យប្រសើរនូវផែនការបែងចែករថយន្តក្រុង សម្រាប់ការកាន់កាប់យានយន្តឱ្យកាន់តែប្រសើរ កាត់បន្ថយការបំភាយកាបូនឌីអុកស៊ីត និងកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។

គួរឲ្យដឹងថា TT Techno-Park Co ដែលជាអង្គភាពរបស់ Toyota Tsusho កំពុងដំណើរការឡានក្រុងដឹកអ្នកធ្វើអាជីវកម្មឧស្សាហកម្ម នៅភាគខាងកើតប្រទេសថៃ ក៏ចូលរួមនៅក្នុងកម្មវិធីភាពវៃឆ្លាតដែលត្រូវបានអនុវត្តជាបីដំណាក់កាលដែរ។ ប្រធានក្រុមហ៊ុន TT Techno-Park បាននិយាយថា ដំណាក់កាលដំបូងដែលកំពុងប្រើប្រាស់ជាក់ស្តែង គឺកំណត់ផ្លូវឡានក្រុងដែលមានប្រសិទ្ធិភាពបំផុត ហើយត្រូវបានរចនាឡើងដើម្បីជួយអាជីវកម្មកាត់បន្ថយការចំណាយពី ១០ ទៅ ២០ ភាគរយ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus