វ៉ាក់សាំងជាង ១ពាន់ដូស របស់ក្រុមហ៊ុនដ៏ធំមួយដែលផ្ដល់ឲ្យជប៉ុន ត្រូវខូចគុណភាពមិនអាចចាក់បានដោយសារមូលហេតុមួយនេះ
អាជីវកម្ម March 2, 2021 Khmernote

ក្រសួងសុខាភិបាលជប៉ុន បាននិយាយកាលពីថ្ងៃច័ន្ទទី០១ ខែមីនាថា វ៉ាក់សាំងការពារជំងឺ Covid-19 ជាង ១,០០០ដូស បានខូចនៅប្រទេសជប៉ុន បន្ទាប់ពីសីតុណ្ហភាពផ្ទុកខុសពីកម្រិតដែលវ៉ាក់សាំងត្រូវការ ដោយសារការបង្កកដោយប្រព័ន្ធបង្កកដំណើរការខុសប្រក្រតី។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា ប្រទេសជប៉ុនបានក្លាយជាសមាជិកចុងក្រោយនៃប្រទេសឧស្សាហកម្មឈានមុខគេនៃក្រុមចំនួន ៧ ក្នុងការចាប់ផ្តើមចាក់វ៉ាក់សាំងការពារខ្លួនប្រឆាំងនឹងវីរុស Covid-19 នៅថ្ងៃទី ១៧ ខែកុម្ភៈ។ ហើយរហូតមកដល់ពេលនេះ ជប៉ុនទទួលបានការបញ្ជូនវ៉ាក់សាំងចំនួន ៣ដង ដែលបង្កើតឡើងដោយ Pfizer និង BioNTech មានចំនួនប្រហែល ១.៤ លានដូស។

គួរឲ្យដឹងថា​ វ៉ាក់សាំងដែលត្រូវបាន​បង្កើតឡើងដោយក្រុមហ៊ុន Pfizer / BioNTech ទាមទារឲ្យត្រូវរក្សាទុក នៅសីតុណ្ហភាពប្រហែល -៧៥ អង្សាសេ ប៉ុន្តែដោយសារម៉ាស៊ីនបង្កកមានបញ្ហា ធ្វើវ៉ាក់សាំងខូចគុណភាព។ យ៉ាងណាមិញពាក់ព័ន្ធបញ្ហានេះ ក្រសួងបាននិយាយថា ស្ថាប័នវេជ្ជសាស្ត្របានរាយការណ៍ថា ការបង្កកនៃម៉ាស៊ីនបង្កកបានកើតឡើងកាលពីចុងសប្តាហ៍ ដោយធ្វើឲ្យវ៉ាក់សាំងចំនួន ១៧២ ដបតូចៗ ឬ ១,០៣២ ដូសដែលខូចគុណភាព។ ប៉ុន្តែទោះជាយ់ាងណាក្ដី ក្រសួងបានបដិសេធមិនប្រាប់ឈ្មោះស្ថាប័នវេជ្ជសាស្ត្រ ឬ ក្រុមហ៊ុនផលិតម៉ាស៊ីនបង្កកនោះទេ ប៉ុន្តែបាននិយាយថាក្រុមហ៊ុនបង្កកនឹងចាប់ផ្តើមស្វែងរកមូលហេតុនៃដំណើរការខុសប្រក្រតីនៅថ្ងៃអង្គារនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia