ក្រោយភ្លៀង មេឃស្រឡះ! Apple បើកដំណើរការហាង ២៧០កន្លែងឡើងវិញនៅអាមេរិក ក្រោយបិទអស់ជិតមួយឆ្នាំដោយសារជំងឺ Covid-19
អាជីវកម្ម March 2, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនដ៏ធំរបស់អាមេរិក គឺ Apple បាន​បើកដំណើរការហាងរបស់ខ្លួនចំនួន ២៧០កន្លែងឡើងវិញនៅអាមេរិក។ ប្រភពដដែលបានបន្តឲ្យដឹងថា ក្រុមហ៊ុនបានប្រកាកាលពីថ្ងៃទី០១ ខែមីនា ថា ហាងចំនួន ២៧០ នៅសហរដ្ឋអាមេរិកត្រូវបានបើកដំណើរការឡើងវិញជាលើកដំបូង​ ក្រោយបិទទ្វារអស់ពេលជិតមួយឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។ យ៉ាងណាមិញ ទោះបីជាហាងបានបើកឡើងវិញក៏ដោយក្ដី ក៏ក្រុមហ៊ុននៅតែមានការប្រុងប្រយ័ត្នក្នុងការបើកហាងលក់រាយឡើងវិញ ដោយប្រើបុគ្គលិក និងរួមបញ្ចូលអ្នកជំនាញវេជ្ជសាស្រ្ត ដើម្បីណែនាំ នៅតាមហាងរបស់ខ្លួន។

គួររម្លឹកផងដែរថា កាលពីខែមីនា ឆ្នាំទៅ ក្រុមហ៊ុន Apple Inc បានប្រកាស ខ្លួនកំពុងបិទហាងលក់រាយទាំងអស់របស់ខ្លួននៅសហរដ្ឋអាមេរិករហូតដល់ស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាល្អប្រសើរឡើងវិញ។ ការបិទហាងលក់រាយគ្មានសល់កាលនោះ គឺធ្វើឡើងតាមសេចក្ដីប្រកាសរបស់ខ្លួន ដែលបានប្រកាសថា ក្រុមហ៊ុននឹងបិទហាងលក់រាយនៅទូទាំងពិភពលោក លើកលែងតែនៅប្រទេសចិនក្នុងរយៈពេល ២ សប្តាហ៍ដោយសារមេរោគឆ្លងរាលដាលលឿន៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia