ទីក្រុងហូជីមីញ នឹងអនុញ្ញាតឲ្យសេវាកម្មដែលមិនចាំបាច់ចាប់ផ្ដើមបើកដំណើរការឡើងវិញនៅដើមខែក្រោយ លើកលែងតែអាជីវកម្មប៉ុន្មានប្រភេទនេះ
អាជីវកម្ម February 27, 2021 Khmernote

ទីក្រុងហូជីមីញ ប្រទេសវៀតណាម​នឹងអនុញ្ញាឲ្យសេវាកម្មដែលមិនចាំបាច់ចាប់ផ្ដើមបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី១ ខែមីនាតទៅ លើកលែងតែបារ ក្លឹប ខារ៉ាអូខេ កន្លែងហាត់ប្រាណ និងអាងហែលទឹកដែលត្រូវតែបន្តបិទទ្វារ។ យោងតាមការចុះ​ផ្សាយរបស់សារព័ត៌មានក្នុងស្រុក vnexpress បានឲ្យដឹងថា ការសម្រេចនេះត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ដោយអនុប្រធានទីក្រុងលោក Duong Anh Duc បន្ទាប់ពីទីប្រជុំជនភាគខាងត្បូងមិនបានរាយការណ៍ពីការចម្លងវីរុស Covid-19 នៅក្នុង សហគមន៍អស់រយៈពេល ១៤ថ្ងៃ។

ប្រភពដដែលបានបន្តឲ្យដឹងថា នៅក្រោមការសម្រេចចិត្តចុងក្រោយ មជ្ឈមណ្ឌលអាពាហ៍ពិ ពាហ៍ភោជនីយដ្ឋាន រោងកុន និងកន្លែងកំសាន្តផ្សេងទៀតនឹងបើកដំណើរការវិញនៅថ្ងៃច័ន្ទក្រោយ។ ទន្ទឹមនឹងនេះសកម្មភាពទេសចរណ៍ ការដឹកជញ្ជូន សេវាកម្មម្ហូបអាហារ មជ្ឈមណ្ឌលទិញទំនិញ សារមន្ទីរវត្ថុបុរាណប្រវត្តិសាស្ត្រ និងបណ្ណាល័យក៏ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញដែរ ប៉ុន្តែត្រូវធានាឲ្យមានការរក្សាគម្លាតពីគ្នា ហើយកន្លែងផ្តល់ម្ហូបអាហារ ត្រូវបានហាមឃាត់មិនឱ្យទទួលយកមនុស្សលើសពី ៣០ នាក់ឡើយ។

ជាងនេះទៅទៀត អាជ្ញាធរក្រុង ក៏បានអនុញ្ញាតឱ្យមានការរៀបចំព្រឹត្តិការណ៍សាសនាផងដែរ ប៉ុន្តែការប្រមូលផ្តុំមនុស្សជាង ៥០ នាក់ក្នុងពេលតែមួយត្រូវបានហាមឃាត់។ គួរបញ្ជាក់ផងដែរថា ទីក្រុងហូជីមីញ ដែលជាទីក្រុងដ៏ធំបំផុតរបស់វៀតណាមបានបិទសេវាកម្មមិនចាំបាច់ទាំងអស់ចាប់តាំងពីខែកុម្ភៈ បន្ទាប់ពីបានកត់ត្រាការចម្លងនៅក្នុងសហគមន៍ជាបន្តបន្ទាប់ ដែលភ្ជាប់ទៅនឹងចង្កោមមួយនៅឯអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress