ចលាចលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយលើពិភពលោក ពន្យារពេលបើកដំណើរការរោងចក្រថ្មី
អាជីវកម្ម February 27, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា រដ្ឋប្រហា​រយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានជំរុញឲ្យក្រុមហ៊ុន Toyota Motor ពន្យារពេលបើកដំណើរការរោងចក្រថ្មីរបស់ខ្លួននៅក្នុងប្រទេសមីយ់ាន់ម៉ា។ បើតាមប្រភពដដែលបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានសំរេចចិត្តសាងសង់រោងចក្រនេះនៅឆ្នាំ២០១៩ ដោយរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ពីទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់រថយន្តថ្មីនៅទីនោះ។ ជាមួយគ្នានោះក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមប្រមូលរថយន្តប្រភេទ pickup trucks នៅរោងចក្រក្នុងខែនេះទៀតផង។

ទោះជាយ៉ាងណាក្ដី អស្ថិរភាពនយោបាយ និងការតវ៉ាតាមដងផ្លូវដែលកំពុងរីករាលដាលបានរំខានដល់ការសាងសង់ ខណៈអ្នកជំនួញមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់កម្មកររបស់ពួកគេ។ បើតាមអ្នកជំនាញពីក្រុមហ៊ុន Toyota Motor បានឲ្យដឹងថា ពួកគេនឹងតាមដានការអភិវឌ្ឍក្នុងតំបន់ មុនពេលសម្រេចចិត្តលើកាលបរិច្ឆេទបើកដំណើរការ។ ប្រទេសមីយ៉ាន់ម៉ាត្រូវបានគេចាត់ទុកថា ជាព្រំដែនចុងក្រោយរបស់អាស៊ី ខណៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីធ្វើប្រជាធិបតេយ្យូបនីយកម្មកំពុងលើកទឹកចិត្តក្រុមហ៊ុនបរទេសឱ្យមកវិនិយោគ៕

អត្ថបទ​៖ លីនី
ប្រភព៖ nhk