មានដីកុំទុកឱ្យទំនេរចោល! សាកល្បងដាំប្រទាលកន្ទុយក្រពើយក្ស ងាយស្រួលដាំ ឆាប់បានផល ពិសេសលក់បានតម្លៃល្អ ហើយស្រួលរកទីផ្សារទៀត
អាជីវកម្ម February 26, 2021 Khmernote

ម្ចាស់កសិដ្ឋាន៤០០នៅខេត្តមណ្ឌលគិរី ពេញចិត្តក្នុងការចាប់យកមុខរបរដាំ ប្រទាលកន្ទុយក្រពើយក្សបន្ថែម នៅក្នុងកសិដ្ឋានរបស់ខ្លួន ដោយសារមានអត្ថប្រយោជន៍ច្រើន លក់បានតម្លៃថ្លៃ និងមានទីផ្សារល្អ ។ លោក ហាច ឆន ម្ចាស់កសិដ្ឋានដាំប្រទាលកន្ទុយក្រពើយក្សបានប្រាប់វិទ្យុជាតិកម្ពុជាថា កសិដ្ឋានរបស់លោក បានចាប់យកការដាំប្រទាលកន្ទុយក្រពើ យក្ស បន្ថែមពីលើការចិញ្ចឹមពូជ សត្វផ្សេងៗទៀត ដើម្បីបំពេញតម្រូវការក្នុងកសិដ្ឋានផ្ទាល់ ដែលជួយលើកស្ទួយសេដ្ឋកិច្ចក្នុងគ្រួសារ និងការនាំចេញទៅកាន់ខេត្តនានា។

លោកបញ្ជាក់ថា ប្រទាលកន្ទុយក្រពើយក្សនេះ ជាប្រភេទពូជររបស់ប្រទេសជប៉ុន ហើយជាដំបូងគឺត្រូវ មានការយល់ដឹងឱ្យបានច្បាស់ ពីបច្ចេកទេសនៃការដាំ ពិសេសគឺត្រូវសិក្សាស្វែងយល់ពីរបៀបថែទាំ ការ ស្រោចទឹក ការដាក់ជី ដើម្បីឱ្យឆាប់រីកលូតលាស់ល្អ។ ជាមួយគ្នានេះលោកបន្តថា ប្រទាលកន្ទុយក្រពើយក្ស មានអត្ថប្រយោជន៏ជាច្រើន ចំពោះមនុស្សនិងសត្វ ដែលជារុក្ខជាតិងាយស្រួលដាំ ឆាប់ទទួលបានផល និងមានបានតម្លៃល្អ ងាយស្រួលរកទីផ្សារ។

«អត្ថប្រយោជន៍របស់ប្រទាលកន្ទុយក្រពើគឺបន្សាបសារជាតិពុលដែលមាននៅក្នុងខ្លួនមនុស្សសត្វហើយមួយទៀតជួយព្យាបាលសន្លាក់ឈឺឆ្អឹងឈឺឆ្អែង ហើយមួយទៀតទាក់ទងនិងប្រព័ន្ធឈាមរបស់យើងវាជួយឱ្យដំណើរឈាមមនុស្សនិងសត្វរត់បានល្អ ហើយទប់ស្កាត់ការលើសឈាម ធ្វើឱ្យមានលំនឹងជាតិស្ករសម្រាប់មនុស្សយើង ឱ្យសុខភាពល្អនឹងជួយប្រពន្ធ័អាហារឱ្យដំណើរការល្អ ក្រៅពីហ្នឹងទៀតវាជួយអង់ទីគ័រមនុស្សសត្វរឹងមាំល្អឈ្នះនឹងជំងឺឬក៏ទប់នឹងជំងឺ ប្រឆាំងនឹងជំងឺបានច្រើន ជាពិសេសអង់ទីគ័រយើងរឹងមាំល្អទាំងសត្វនិងមនុស្ស»។

ម្ចាស់កសិដ្ឋានរូបនេះ ក៏បានអំពាវនាវឱ្យកសិករដ៏ទៃទៀត បើសិនជាមានដីកុំទុកឱ្យទំនេរចោល គួរសាកល្បងដាំប្រទាលកន្ទុយក្រពើយក្សនេះ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក ។ សូមបញ្ជាក់ថា កសិដ្ឋាន៤០០ មានទីតាំង ស្ថិតនៅក្នុងភូមិអូរណា ឃុំស្រែភ្ជុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ កសិដ្ឋាននេះ មានរយៈពេលបីឆ្នាំហើយៗក្រៅពីការដាំប្រទាលកន្ទុយក្រពើយក្ស ក៏មានចិញ្ចឹមសត្វជាច្រើន ប្រភេទទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន