ទុក្ខជាន់ទុក្ខ! ខណៈកំពុងជាប់បំណុលវ័ណ្ណកដោះមិនទាន់ចេញ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ប្រកាសពីការខាតបង់សុទ្ធជាង ៤.៦ ពាន់លានដុល្លារថែមទៀត
អាជីវកម្ម February 26, 2021 Khmernote

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដែ​លកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុបានប្រកាសពីការខាតបង់សុទ្ធយ៉ាងខ្លាំងដែលមានចំនួនដល់ទៅ ១៤១ពាន់លានបាត (ប្រមាណជាង ៤.៦ពាន់លានដុល្លារ) កាលពីឆ្នាំមុននៅពេលវិបត្តិ Covid-19 បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍មួយនេះចុះខ្សោយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា ក្រុមហ៊ុន Thai Airways និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនទទួលបានប្រាក់ចំណូលសរុបចំនួន ៤៨.៣ ពាន់លានបាត ជាមួយនឹងការចំណាយសរុបចំនួន ៩៦.៤ ពាន់លានបាត។

លោក Chai Eamsiri អនុប្រធាននាយកប្រតិបត្តិនៃនាយកដ្ឋានហិរញ្ញវត្ថុនិងគណនេយ្យរបស់ Thai Airways បាននិយាយថា លទ្ធផលនេះបានធ្វើឱ្យខាតបង់ប្រតិបត្តិការចំនួន ៤៨.១ ពាន់លានបាតហើយប្រែជាការខាតបង់សុទ្ធចំនួន ១៤១.១ ពាន់លានបាតកាលពីឆ្នាំមុន ខណៈការខាតបង់កើនលើសពីឆ្នាំ២០១៩ ដែលមានតែចំនួន ១២៩.១ ពាន់លានបាត។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនក្រុមហ៊ុនអាកាសចរណ៍មួយនេះ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនបានកត់ត្រាការធ្លាក់ចុះ ៧៣% នៅក្នុងតំបន់ និងការធ្លាក់ចុះ ៧៨% នៃអ្នកដំណើរ។ ក្រុមហ៊ុនបានដឹកអ្នកដំណើរចំនួន ៥.៨៧ លាននាក់កាលពីឆ្នាំមុនដែលមានចំនួនតិចជាង ៧៦% បើប្រៀបធៀបនឹងឆ្នាំ ២០១៩។ ក្នុងនោះអ្នកដំណើរភាគច្រើនត្រូវបានហោះហើរមុនពេលការផ្ទុះឡើងនៃវីរុស Covid-19 ដែលបានបណ្តាលឱ្យក្រុមហ៊ុនអាកាសចរណ៍ត្រូវចាប់គាំងមិនមានប្រតិបត្តិការទាំងមូលតែម្ដងកាលពីខែឆ្នាំមុន។

ទន្ទឹមនឹងការធ្លាក់ចុះ កាលពីឆ្នាំទៅ ក្រុមហ៊ុនក៏បានដាក់ពាក្យទៅតុលាការក្ស័យធន ដើម្បីស្ដារក្រុមហ៊ុននេះឡើងវិញ ដោយជាប់បំណុលសរុបដល់ទៅចំនួន ៣៣៨.៩ ពាន់លានបាត ធៀបនឹងទ្រព្យសម្បត្តិសរុបចំនួន ២៩៨.៩ ពាន់លានបាតគិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា។ ក្រោយពីដាក់ពាក្យក្ស័យធនរួច ក្រុមហ៊ុនចាប់ផ្ដើមស្តារឡើងវិញ តាមរយៈវិធីសាស្រ្តជាច្រើនរួមមាន កាត់បន្ថយបុគ្គលិក និងពីឡុត រាប់រយនាក់, បើកបម្រើភោជនីយដ្ឋាន និងកាហ្វេផ្ទាល់ដី, ដាក់លក់សម្ភារៈក្នុងឃ្លាំង, ជួលការិយាល័យរបស់ខ្លួន ជាពិសេសទៅទៀតនោះគឺដាក់លក់យន្តហោះដឹកអ្នកដំណើររហូតដល់ទៅ ៣៤គ្រឿង​៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost