កសិករដាំស្វាយចន្ទីអំពាវដល់អាជ្ញាធរជួយរកទីផ្សារឲ្យមានតម្លៃខ្ពស់ ខណៈដែលដំណាំស្វាយចន្ទីឆ្នាំនេះ មានទិន្នផលខ្ពស់ជាងឆ្នាំមុន
អាជីវកម្ម February 26, 2021 Khmernote

លោក ហាក់ សុខជា ជាម្ចាស់ចំការស្វាយចន្ទី នៅក្នុងឃុំបឹងមាលា ស្រុកស្វាយលើ កាលពីថ្ងៃទី២៤ ខែកុម្ភៈនេះ បានលើកឡើងថា ដើមស្វាយចន្ទីរបស់លោកមានចំនួន៥ពាន់ដើមនៅលើផ្ទៃដីចំនួន២០ហិកតា បានចាប់ផ្ដើមប្រមូលផលជាលើកទី៣ជាបណ្ដើរៗហើយ។ ក្រោយពេលបានដាំរយ:ពេល៥ឆ្នាំមកហើយនោះ ឆ្នាំមានការកើនទិន្នផលបង្គួរ។ ការប្រមូលផលគ្រាប់ស្វាយចន្ទីនេះមានរយ:៣ខែ ទៅ៤ខែទើបអស់ផ្លែពីដើមរបស់វា។ កាលពីឆ្នាំមុនៗដើមស្វាយចន្ទីរបស់លោកបានទទួលផលគ្រាប់ប្រមាណ១តោនប៉ុណ្ណោះក្នុងមួយហិកតា ដែលធ្វើឱ្យការប្រកបដំណាំកសិកម្មស្វាយចន្ទីនេះមានការលំបាក ស្របពេលដែលតម្លៃទីផ្សាយមានការធ្លាក់ចុះទៀតផង។

លោកបានឲ្យដឹងទៀតថា ក្រោយពីមានបទពិសោធន៍ក្នុងការដាំមួយរយៈចុងក្រោយនេះ ទិន្នផលគ្រាប់ស្វាយចន្ទីទទួលបានផលលើសពី១តោនក្នុងមួយហិកតា បើធៀបនឹងឆ្នាំមុនៗកើនជាងប្រមាណ២០ទៅ៣០ភាគរយ ព្រោះស្វាយចន្ទីនេះមានផ្កាល្អ និងផ្លែល្អជាងឆ្នាំមុន។ លោកបានសម្ដែងនូវក្ដីសប្បាយរីករាយចំពោះការកើនឡើងនូវទិន្នផលគ្រាប់ស្វាយចន្ទី ប៉ុន្ដែលោកបារម្ភពីតម្លៃទីផ្សារធ្លាក់ចុះក្នុងអំឡុងពេលវិបត្ដិកូវីដ-១៩ ខណៈដែលបច្ចុប្បន្ននេះ មានតម្លៃប្រមាណ៥ពាន់រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ បើធៀបនឹង៣ឆ្នាំមុនមានតម្លៃគ្រាប់ស្ងួតពី៧ពាន់រៀល ទៅ៨ពាន់រៀលក្នុងមួយគីឡូក្រាម ។លោក ហាក់ សុខជា លើកឡើងថា ការដំណាំស្វាយចន្ទីមានការចំណាយថវិកាច្រើន តាំងពីដាំរហូតដល់ទទួលបានទិន្នផល ដែលក្នុងនោះបានចំណាយលើជួលកម្មករ និងជីស្រោចស្រប់ផងដែរ។

លោក ហាក់ សុខជា បញ្ជាក់បន្ថែមថា លោកបានចាប់ផ្ដើមពង្រីកដំណាំចន្ទីនេះជាច្រើនហិកតាទៀត ព្រោះថាមានតែការប្រកបមុខរបរកសិកម្មមួយនេះមានភាពលំនឹងមិនថាបច្ចុប្បន្ន និងទៅអនាគត។ ចំការស្វាយចន្ទីរបស់លោក បានផ្ដល់ការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋានតាំងពីចាប់ផ្ដើមដាំដើមរហូតដល់ប្រមូលផល។ លោកក៏បានស្នើរដល់រាជរដ្ឋាភិបាលជួយលើកស្ទួយទីផ្សារដំណាំកសិកម្មនេះឱ្យមានតម្លៃខ្ពស់ ដើម្បីជួយលើកស្ទួយដល់ជីវភាពទាំងប្រជាកសិករអ្នកដាំដុះ និងកម្មករ៕

ប្រភព៖ ក្រសួងព័ត៌មាន