ដោយសារ​កូវីដ បង្ខំឲ្យបិទទ្វារ សាលារៀនឯកជននៅប្រទេសថៃ បានសងប្រាក់សរុបជាង ១៨លានដុល្លារ ទៅឪពុកម្ដាយសិស្សវិញ
អាជីវកម្ម February 25, 2021 Khmernote

ការិយាល័យនៃការអប់រំឯកជនដែលហៅកាត់ថា (Opec) កាលពីពេលថ្មីៗនេះបានឱ្យដឹងថា សាលារៀនដែលគ្រប់គ្រងដោយឯកជនបានសងប្រាក់ទៅឪពុកម្តាយសិស្សវិញ សម្រាប់សេវាកម្មដែលមិនត្រូវបានផ្ដល់ឱ្យក្នុងកំឡុងពេលបិទទ្វារ ដែលបណ្តាលមកពីការផ្ទុះឡើងនៃវីរុស Covid-១៩ ថ្មីៗនេះ។ បើតាមប្រភពដដែលបានបន្តឲ្យដឹងថា សាលាឯកជនចំនួន ៥២៤កន្លែង នៅទូទាំងប្រទេសបានប្រគល់ប្រាក់សរុបចំនួន ៥៦១លានបាត (ប្រមាណជាង ១៨.៦ លានដុល្លារ) ជូនដល់ឪពុកម្តាយដែលបានបង់ថ្លៃសិក្សាក្នុងអំឡុងពេលសិក្សាបច្ចុប្បន្នសម្រាប់សេវាកម្មផ្សេងៗ។

អគ្គលេខាធិការនៃ(Opec) លោក Atthapol Truektrong បាននិយាយកាលពីម្សិលមិញថា ការផ្ទុះឡើងនៃវីរុសនេះបានបង្ខំឱ្យសាលារៀននៅតាមខេត្តដែលរងផលប៉ះពាល់ត្រូវបញ្ឈប់ថ្នាក់រៀននៅតាមកន្លែងអស់ជាច្រើនសប្តាហ៍ ហើយប្តូរទៅរៀនតាម អ៉ីនធឺណេតវិញ។ ជាមួយគ្នានេះក្រសួងអប់រំបានចេញសារាចរណ៍ដល់សាលារៀន ដើម្បីបង់ថ្លៃសេវា និងចំណាយដែលមិនបានប្រើរួមមានអាហារថ្ងៃត្រង់ ទឹកដោះគោ កុំព្យូទ័រ ថ្នាក់បង្រៀនភាសាបន្ថែម ហែលទឹក និងសកម្មភាពកីឡា។

លោកបានបន្តថា សំណងនៃសេវាកម្មទាំងអស់នេះត្រូវបានធ្វើឡើងចំពោះឪពុកម្តាយក្នុងទម្រង់ជាសាច់ប្រាក់ ឬ ការបញ្ចុះតម្លៃលើថ្លៃសាលាសម្រាប់រយៈពេលបន្ទាប់។ ទន្ទឹមនឹងនេះដែរ អនុរដ្ឋមន្រ្តីក្រសួងអប់រំលោក Kanokwan Vilawan បាននិយាយថា ( Opec) បានយល់ព្រមលើការដំឡើងប្រាក់ឧបត្ថម្ភចំនួន ៣៥% សម្រាប់សិស្សពិការនៅសាលាឯកជន ដោយការដំឡើងប្រាក់ខែត្រូវបានផ្តល់ឱ្យនៅក្នុងការប្រជុំរបស់នាយកប្រតិបត្តិរបស់ (Opec) ដែលដឹកនាំដោយលោកស្រី Kanokwan កាលពីម្សិលមិញ។

គួរឲ្យដឹងថា សាលាឯកជនទូទៅ និងសាលាវិជ្ជាជីវៈឯកជនដែលគ្រប់គ្រងដោយឯកជន នឹងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងប្រាក់ឧបត្ថម្ភ ដែលនឹងត្រូវដាក់ទៅការិយាល័យថវិកា សម្រាប់ធ្វើការត្រួតពិនិត្យបន្ថែមទៀត។ ខណៈមានសិស្សពិការចំនួន ៤,៤៧៦ នាក់នៅក្នុងសាលាចំណេះទូទៅឯកជន និង ១,៧១៨ នៅក្នុងគ្រឹះស្ថានវិជ្ជាជីវៈឯកជននៅប្រទេសថៃ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost