កសិករនៅខេត្តមួយ ដំបូងឡើយកែច្នៃទំពាំងឫស្សីធ្វើជាអាហារត្រៀមបង្ការ តែក្រោយមកក៏មានការបញ្ជាទិញហើយលក់ទៅកាន់ទីផ្សារ
អាជីវកម្ម February 24, 2021 Khmernote

ស្ទឹងត្រែង៖ កសិករនៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង បាននាំគ្នាបង្កើតក្រុមផលិតកែច្នៃទំពាំង ដើម្បីធ្វើជាអាហារត្រៀមបង្ការ សម្រាប់ដោះស្រាយនៅពេលមានការខ្វះខាតម្ហូបអាហារក្នុងស្ថានភាពកូវីដ-១៩នេះ។ ក្នុងសកម្មភាពកែច្នៃទំពាំងឫស្សីធ្វើជាអាហារត្រៀមបង្ការប្រចាំក្រុមគ្រួសារ កាលពីថ្ងៃទី២២កុម្ភៈ លោ កសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថាៈបច្ចុប្បន្នប្រជាពលរដ្ឋ បានកែច្នៃទំពាំងសម្រាប់លក់ផងបរិភោគផង ហើយអាជ្ញាធរ លើកទឹកចិត្តឱ្យកសិករយើងរៀបចំជាក្រុមចាប់ពី១៥ទៅ២០គ្រួសារ សហការគ្នាបង្កើតជាផលិតផលមួយភូមិមួយ ឱ្យមានជា ប្រចាំនៅក្នុងភូមិ ។

លោកអភិបាលស្រុកបន្តថា មុខរបរនេះកន្លងមកប្រជាកសិករ បាននាំគ្នាធ្វើនៅតាមគ្រួសារនីមួយៗ សម្រាប់តែជាស្បៀង ត្រៀមបង្ការក្នុងពេលមានទឹកជំនន់ឡើងលិចតែប៉ុណ្នោះ តែបច្ចុប្បន្នពួកគាត់ផលិតសម្រាប់លក់ដូរយកប្រាក់ដោះស្រាយ ជីវភាពរស់នៅបន្ថែមទៀត។

លោកស្រី ថៃ ណាង រស់នៅណុចចាន់តាង៉យ ភូមិស្រែតាប៉ាន បានអះអាងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទឹកជំនន់ទន្លេ មេគង្គចេះតែលិចលង់ច្រើនលើកច្រើនសាពេក បង្កឱ្យប្រជាពលរដ្ឋនៅតំបន់នេះ ជួបភាពខ្វះខាតពិបាករកស្បៀងប្រចាំថ្ងៃ ហើយបច្ចុប្បន្នរងផលប៉ះពាល់ពីជម្ងឺកូវីដ-១៩ទៀតផង។លោកស្រីថា៖ដើម្បីត្រៀមបង្ការ ពួកគាត់នាំគ្នាព្យាយាមទៅរកទំពាំង ឫស្សី មកកែច្នៃចំហុយ ធ្វើជាផ្អកទំពាំង ឬធ្វើជាទំពាំងជ្រក់ តាមការច្នៃប្រឌិតរៀងៗខ្លួន ទុកបានយូរ ធ្វើជាម្ហូបជំនួសបន្លែ នៅពេលមានគ្រោះអាសន្នបណ្តាលមកពីគ្រោះធម្មជាតិផ្សេងៗ ហើយក៏មានអតិថិជនបញ្ជាទិញផងដែរ។

លោក ផាយ ឡា មេភូមិស្រែតាប៉ាន បានគាំទ្រដល់មុខរបរនេះ ព្រោះកសិករអាចមានចំណេះមួយប្រចាំគ្រួសារ ហើយកាលពីសម័យដូនតាមក ធ្លាប់តែយកទំពាំងទៅហាលថ្ងៃឱ្យក្រៀមយកមកវេចខ្ចប់ទុកតែបណ្ណោះ។ បច្ចុប្បន្នប្រជាពលរដ្ឋចេះកែច្នៃ យកទំពាំង មកចំហុយច្រកថង់ឬកែច្នៃធ្វើជាជ្រក់ដាក់កែវ នាំយកទៅលក់នៅទីផ្សារ តាមការបញ្ជាទិញបានប្រាក់ចំណូលបន្ថែម និងបានរួមចំណែកកាត់បន្ថយការចុះទូកធ្វើនេសាទនាំឱ្យជួបហានិភ័យ។ សូមបញ្ជាក់ថា៖ផ្អកត្រពាំងឫស្សី ឬទំពាំងជ្រក់នេះ បច្ចុប្បន្ន មាននៅភូមិហាងសាវ៉ាត -ភូមិស្រែតាប៉ានក្នុងឃុំសាមឃួយ និងនៅភូមិស្តៅ-ឃុំស្តៅ-ក្នុងស្រុកសេសានខេត្តស្ទឹងត្រែង លក់ក្នុងតម្លៃមួយគីឡូក្រាមចាប់ពី៤០០០ទៅ៦០០០រៀល តែប៉ុណ្ណោះ ៕

ប្រភព៖ ក្រសួងព័ត៌មាន