កូវីដស្រកចុះបន្តិច ថៃអនុញ្ញាតឲ្យបើកហាងស្រា បារ និងក្លឹបនៅក្នុងក្រុងបាងកកឡើងវិញចាប់ពីថ្ងៃនេះតទៅ
អាជីវកម្ម February 24, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation thailand បានឲ្យដឹងថា ហាងស្រា បារ និងផាប់ កម្សាន្តនាពេលរាត្រី នៅទីក្រុងបាងកក ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញរហូតដល់ម៉ោង ១១យប់​ ចាប់ពីថ្ងៃនេះ​តទៅ។​ ការអនុញ្ញាតនេះ ត្រូវបានធ្វើឡើង​ បន្ទាប់ពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺឆ្លង បានបន្ធូរបន្ថយការរឹតបន្តឹងវីរុស Covid-19។ អ្នកនាំពាក្យរដ្ឋបាលក្រុងបាងកក (PMA) លោក Pongsakorn Kwanmuang បាននិយាយថា ទោះយ៉ាងណាក៏ដោយ ទីតាំងជល់មាន់ និងការជល់ត្រី នឹងនៅតែបិទដដែល។

ក្រោមការណែនាំថ្មី ភោជនីយដ្ឋានទាំងអស់អាចបម្រើអាហារ និងគ្រឿងស្រវឹងរហូតដល់ម៉ោង ១១ យប់ ខណៈកន្លែងកម្សាន្ត កន្លែងលក់ស្រា និងហាងម៉ាស្សា ក៏អាចបើករហូតដល់ម៉ោង ១១យប់ដែរ ប៉ុន្តែតុត្រូវតែដាក់រក្សាគម្លាត គ្មានការរាំរែក ដែលនាំឲ្យភ្ញៀវមានការប្រមូលផ្ដុំ។ ជាមួយគ្នានេះ ន្លែងហាត់ប្រាណនានា អាចបើកដូចធម្មតា ខណៈកីឡដ្ឋានអាចបើក តែត្រូវកំណត់ចំនួនអ្នកចូលទស្សនា។ ដោយឡែកសម្រាប់ពិធីជប់លៀងផ្សេងៗ និងបន្ទប់ប្រជុំ ក៏អាចបើកបានដែរ ប៉ុន្តែត្រូវមានការអនុញ្ញាត ពីអាជ្ញាធរឱ្យមានការជួបជុំមនុស្សជាង ៣០០ នាក់៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand