មិនធម្មតា! កសិករក្នុងខេត្តត្បូងឃ្មុំ អាចរកចំណូលបានចន្លោះពី ៤ ទៅ ៥ពាន់ដុល្លារក្នុងមួយខែ ពីរបរចិញ្ចឹមត្រីប្រភេទនេះ
អាជីវកម្ម February 22, 2021 Khmernote

កសិករចិញ្ចឹមត្រីកន្ធរក្នុងខេត្តត្បូងឃ្មុំអាចរកចំណូលបានដល់ទៅ ៤០០០ដុល្លារក្នុងមួយខែ ខណៈដែលបច្ចុប្បនុ្ន កំពុងតែមានតម្រូវការសម្រាប់អ្នកបរិភោគនិងអ្នកយកទៅចិញ្ចឹមលក់បន្ត នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក គឹម តារារិទ្ធ ម្ចាស់កសិដ្ឋានចែកចាយពូជត្រីមួយកន្លែងស្ថិតនៅក្នុងឃុំដូនតី ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំបានបញ្ជាក់ថា កសិដ្ឋានរបស់លោកបានចិញ្ចឹមពូជត្រីប្រមាណ៧ប្រភេទ​ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ពូជត្រីនៅក្នុងខេត្ត និងការនាំចេញទៅ រាជធានី-ខេត្តផ្សេងៗទៀត។

លោកបញ្ជាក់ថា មុខរបរចិញ្ចឹមត្រីកន្ធរ គឺត្រូវយល់ដឹងឱ្យបានច្បាស់ជាមុន ពីបច្ចេកទេសនៃការចិញ្ចឹមឱ្យមានសុវត្ថិភាព ជាដំបូងយើងត្រូវសិក្សាទៅលើប្រភេទទឹកដែលជាប្រភេទទឹកធម្មជាតិ ពិសេសគឺត្រូវសិក្សាស្វែងយល់ពីការបង្កាត់ពូជ និងការឱ្យចំណីឱ្យបានច្បាស់លាស់ដើម្បីកុំឱ្យខាតបង់ថវិកា។ លោកបន្ថែមថាក្នុងមួយខែ លោកអាចរកចំណូលបានពីចន្លោះ ៤០០០ដុល្លារ រហូតដល់៥០០០ដុល្លារ ពីការលក់ពូជត្រីទាំងអស់ នៅក្នុងកសិដ្ឋាននេះ។

ម្ចាស់កសិដ្ឋានខាងលើក៏បានអំពាវនាវសុំដល់ខាងមន្ទីរកសិកម្មខេត្ត ជួយរកទីផ្សារត្រីសាច់បន្ថែម ខណៈដែលបច្ចុប្បន្នមាន ប្រជាកសិករជាច្រើនកំពុងប្រកបរបរចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ សូមបញ្ជាក់ថា លោក គឹម តារារិទ្ធ បានចាប់យកមុខរបរចិញ្ចឹមត្រីនេះ រយៈពេល២ឆ្នាំមកហើយ ដែលមានសមាជិក១០នាក់ ចូលរួមនិងមានចិញ្ចឹមពូជត្រីជាច្រើនប្រភេទផ្សេងទៀតដូចជា កូនត្រីប្រា កូនត្រីក្រាញ់ ត្រីឆ្ពិន ត្រីទីឡាព្យ៉ា ត្រីរ៉ស់ និង ត្រីឆ្ដោជាដើម ៕