ខណៈវីរុសកំពុងកើនឡើងគ្រប់ទិសទី ក្រុមហ៊ុនផលិតវ៉ាក់សាំង Covid របស់ឥណ្ឌា ស្នើសុំបំពេញតម្រូវការក្នុងប្រទេសជាមុនសិន មុនពេលចែកចាយទៅបរទេស
អាជីវកម្ម February 22, 2021 Khmernote

ក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោក គឺវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌាបានបញ្ជាក់ថា ខ្លួនត្រូវបំពេញ និងផ្គត់ផ្គង់តម្រូវការវ៉ាក់សាំង Covid-19 នៅក្នុងស្រុកជាមុនសិន មុនពេលចែកចាយទៅកាន់បរទេស។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានរបស់ CNBC បានឲ្យដឹងថា ការផ្លាស់ប្តូរនេះបញ្ជាក់ថា រដ្ឋាភិបាលបរទេសអាចប្រឈមនឹងការពន្យារពេលបញ្ជាទិញពីក្រុមហ៊ុន នៅពេលដែលប្រទេសនេះដាក់សេចក្តីត្រូវការរបស់ឥណ្ឌានាំមុខអ្នកដទៃ។ នាយកប្រតិបត្តិលោក Adar Poonawalla បានសរសេនៅលើគណនី Tweeter របស់ខ្លួនថា៖ “ បណ្តាប្រទេសនិងរដ្ឋាភិបាលជាទីគោរព នៅពេលដែលអ្នករង់ចាំការផ្គត់ផ្គង់ #COVISHIELD ខ្ញុំសូមអភ័យទោស និងសូមមេត្តាអត់ធ្មត់ ” ។ ជាមួយគ្នានេះនៅក្នុងវិទ្យាស្ថាន Serum លោកបាននិយាយថា៖ « វិទ្យាស្ថាន ត្រូវបានណែនាំឱ្យផ្តល់អាទិភាពដល់តម្រូវការដ៏ធំរបស់ឥណ្ឌា និងស្របជាមួយនឹងតុល្យភាពនៃតម្រូវការរបស់ពិភពលោក។ យើងកំពុងព្យាយាមអស់ពីសមត្ថភាព »។

ទោះបីជាយ៉ាងណាក្ដីលោក Poonawalla មិនបានបញ្ជាក់លម្អិតថា តើនរណាជាអ្នកផ្ដល់ការណែនាំនោះទេ ហើយវិទ្យាស្ថាន បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមនៅពេលត្រូវបានទាក់ទងដោយស្ថានីយទូរទស្សន៍ CNBC ។ គួរឲ្យដឹងផងដែរថា វិទ្យាស្ថាន Serum កំពុងផលិតវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនយក្ស AstraZeneca របស់អង់គ្លេស និងវ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford ដែលត្រូវបានគេស្គាល់ក្នុងតំបន់ថាជា Covishield ។ Covishield គឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងពីរដែលបានទទួលការយល់ព្រមជាបន្ទាន់ ដើម្បីប្រើក្នុងយុទ្ធនាការលើកទឹកចិត្តទ្រង់ទ្រាយធំរបស់ឥណ្ឌា ដែលមានគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាជនប្រមាណ ៣០០ លាននាក់ក្នុងដំណាក់កាលដំបូង ដែលភាគច្រើនជាបុគ្គលិកជួរមុខ និងអ្នកដែលមានអាយុលើសពី ៥០ ឆ្នាំ ឬ នៅក្នុងក្រុមដែលមានហានិភ័យខ្ពស់។

ជាមួយគ្នានេះដែរ Covishield ក៏ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ចុះបញ្ជីប្រើប្រាស់ក្នុងគ្រាអាសន្នក្នុងខែនេះ ដែលអនុញ្ញាតឱ្យវិទ្យាស្ថានផ្គត់ផ្គង់ដល់ប្រទេសដែលមានចំណូលទាប និងមធ្យម នៅជុំវិញពិភពលោក។ ខណៈ AstraZeneca បាននិយាយថា ខ្លួនសង្ឃឹមថាវ៉ាក់សាំងជាង ៣០០ លានដូសនឹងត្រូវផ្តល់ជូនប្រទេសចំនួន ១៤៥ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២១ តាមរយៈ Covax ដែលជាគំនិតផ្តួចផ្តើមចាក់វ៉ាក់សាំងសកលដឹកនាំដោយអង្គការសុខភាពពិភពលោក និងប្រទេសដទៃទៀត។

លើសពនេះ វ៉ាក់សាំង Covishield មិនថ្លៃទេបើប្រៀបធៀបទៅនឹងវ៉ាក់សាំងមួយចំនួនផ្សេងទៀត ដែលត្រូវបានប្រើដូចជាវ៉ាក់សាំងពី Pfizer-BioNTech និង Moderna ។ ហើយវាមិនចាំបាច់រក្សាទុកនៅក្នុងសីតុណ្ហភាពទាបបំផុត ដែលធ្វើឱ្យវាសមស្របសម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនដែលខ្វះហេដ្ឋារចនាសម្ព័ន្ធផ្ទុកចាំបាច់៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc