ក្រុមហ៊ុន Thai Airways គ្រោងចាយលុយជាង ៣ពាន់លានដុល្លារទិញយន្តហោះខ្ទង់ ៣០ គ្រឿង នៅពេលឧស្សាហកម្មងើបឡើងវិញ
អាជីវកម្ម February 22, 2021 Khmernote

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways គ្រោងនឹងទិញយន្តហោះពី ២០​ ទៅ ៣០គ្រឿង នៅឆ្នាំ២០២៥ ដើម្បីពង្រឹងប្រតិបត្តិការហោះហើររបស់ខ្លួន និងជំនួស​យន្តហោះដែលបានលក់ចេញ ឬ ត្រូវបានបោះបង់ចោល។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The National Thailand បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ដែលបានប្រកាសក្ស័យធនកាលពីឆ្នាំ២០១៩ មួយនេះ រំពឹងថា ឧស្សាហកម្មទេសចរណ៍នឹងងើបឡើងវិញពីការធ្លាក់ចុះនៃវីរុស Covid-19 នៅឆ្នាំ២០២៥។ ប្រភពដដែលបានបន្តឲ្យដឹងថា ​ផែនការទិញយន្តហោះថ្មី នឹងត្រូវបញ្ជូនទៅតុលាការក្ស័យធនកណ្ដាលណៅថ្ងៃទី២ ខែមីនា រួមជាមួយផែនការស្តានីតិសម្បទាអាជីវកម្មរបស់​ Thai Airways ដោយមានការយល់ព្រមពីម្ចាស់បំណុល។

គួររម្លឹកផងដែរថា កាលពីខែវិច្ឆិកាឆ្នាំមុនក្រុមហ៊ុន Thai Airways បានសម្រេចចិត្តលក់យន្តហោះដឹកអ្នកដំណើរចំនួន ៣៤គ្រឿង ក្នុងនោះមាន Boeing 747s និង 777-300s ដើម្បីរួចរស់ពីវិបត្តិហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះក្រុមហ៊ុនអាកាសចរណ៍បានចុះបញ្ជីយន្តហោះនៅលើគេហទំព័ររបស់ខ្លួន www.thaiaircrafttrading.com ។ ប្រភពបានប៉ាន់ប្រមាណថា ការចំណាយលើយន្ដហោះចំនួន ៣០គ្រឿងអាចឡើងដល់ ១០០ ពាន់លានបាត (ប្រមាណជាង ៣.៣ ពាន់លានដុល្លារ។

ជាមួយគ្នានេះបច្ចុប្បន្នកងនាវារបស់ក្រុមហ៊ុន Thai Airways មានយន្តហោះចំនួន ៤២ គ្រឿងរួមមាន៖ យន្តហោះប្រភេទ៖ A300-600 មួយគ្រឿង​, A340-500s ចំនួន ៣គ្រឿង, A340-600s ចំនួន ៦គ្រឿង, A380-800s ចំនួន ២គ្រឿង, 737-400s ចំនួន ២គ្រឿង, 747-400s ១០គ្រឿង, 777-200s ចំនួន ៧គ្រឿង, 777-200ERs ចំនួន ៧គ្រឿង, និង 777-300s ចំនួនគ្រឿង៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand