ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បន្តកាត់បន្ថយបុគ្គលិក ២៤០នាក់ទៀត ក្រោយបញ្ឈប់ការងារពីឡុតរាប់រយនាក់នាពេលថ្មីៗនេះ
អាជីវកម្ម February 19, 2021 Khmernote

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានប្រកាសនៅថ្ងៃនេះថា ខ្លួនបានកាត់បន្ថយមុខតំណែងបុគ្គលិកជាន់ខ្ពស់ចំនួន ២៤០នាក់់ នៅឯក្រុមហ៊ុនអាកាសចរណ៍ដែលជាផ្នែកមួយនៃដំណើរការរៀបចំរចនាសម្ព័ន្ធក្ស័យធនឡើងវិញ។ សេចក្ដីប្រកាសនេះធ្វើឡើងនៅពេលក្រុមហ៊ុន ជិតដល់ពេលដែលកំណត់ដើម្បីបញ្ជូនផែនការរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនទៅតុលាក្ស័យធន ដើម្បីទទួលការយល់ព្រមពីម្ចាស់បំណុល ស្របពេលដែលជំងឺរាតត្បាតរីករាលដាលបន្ថែមទៀត បានធ្វើឱ្យមានបញ្ហាដល់ក្រុមហ៊ុនអាកាសចរណ៍ដែលបានតស៊ូតាំងពីឆ្នាំ ២០១២ មក។

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ចំនួនមុខតំណែងប្រតិបត្តិត្រូវបានកាត់បន្ថយពី ៧៤០ នាក់មកនៅត្រឹម ៥០០ នាក់» ។ ជាមួយគ្នានេះពេលវេលាកំណត់របស់តុលាការសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដើម្បីបញ្ជូនផែនការរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនគឺថ្ងៃទី ២ ខែមីនា បន្ទាប់ពីនោះម្ចាស់បំណុលរបស់ក្រុមហ៊ុនអាកាសចរណ៍នឹងពិចារណាប្រសិនបើការរៀបចំរចនាសម្ព័ន្ធឡើងវិញនឹងដំណើរការ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Thai Airways ដែលមានបុគ្គលិកប្រហែល ២១,០០០ នាក់បាននិយាយថា ខ្លួនបានណែនាំកិច្ចព្រមព្រៀងលាលែងដោយស្ម័គ្រចិត្តជាច្រើន ប៉ុន្តែមិនបានបញ្ជាក់ថាតើមានបុគ្គលិកប៉ុន្មាននាក់បានដាក់ពាក្យសុំនោះទេ។ ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានសម្រេចបញ្ឈប់អ្នកបើកយន្តហោះចំនួន ៣៩៥នាក់ពីការងារ ក្រោមផែនការស្តារបំណុលរបស់ខ្លួន ខណៈក្រុមហ៊ុនអាកាសចរណ៍មួយនេះមានបំណុលជាប់ខ្លួនប្រមាណ ៣០០ពាន់លានបាត (ប្រមាណ ១០០ពាន់ដុល្លារ)៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost