ដំណឹងល្អ! ក្រុមហ៊ុនចំនួន ២ ចុះកុងត្រាបញ្ជាទិញបន្លែសុវត្ថិភាពក្នុងខេត្តមណ្ឌលគិរី
សេដ្ឋកិច្ច February 19, 2021 Khmernote

មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរីបានឱ្យដឹងថា ខេត្តមណ្ឌលគិរី ត្រូវបានគេកត់សម្គាល់ថា មានលក្ខណៈភូមិសាស្រ្តអំណោយផលខាងវិស័យកសិកម្ម ដោយសារមានអាកាសធាតុ ត្រជាក់ ដី មានជីវជាតិយ៉ាងល្អសម្រាប់ដាំដុះដំណាំស្ទើរគ្រប់ ប្រភេទ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ថា ដោយសារកត្តាអំណោយផលពីធម្មជាតិនេះហើយ បានធ្វើឱ្យបន្លែសរីរាង្គដែលកសិករបានដាំនៅខេត្តមណ្ឌលគិរី លូតលាស់ល្អ ព្រមទាំងមានរសជាតិឆ្ងាញ់ប្លែកធ្វើឱ្យមានការបញ្ជាទិញ យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូត ដល់មានក្រុមហ៊ុនមកចុះ កុងត្រាជាមួយកសិករ ដើម្បីនាំយកមករាជធានីភ្នំពេញ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តមណ្ឌលគិរី បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការដាំបន្លែធម្មជាតិរបស់កសិករក្នុងខេត្តមណ្ឌលគិរី មានការកើនឡើង យ៉ាងច្រើន បន្ទាប់ពីមន្ទីរបានបង្កើតឱ្យមានបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពចំនួន២ នៅក្នុងក្រុងសែនមនោរម្យ និងស្រុកកោះញែក ដែលមានកសិករជាច្រើនគ្រួសារជាសមាជិក។ លោកបន្តថាបច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន២ បានចុះកិច្ចសន្យាបញ្ជាទិញ បន្លែសុវត្តិភាពនៅក្នុងខេត្តមណ្ឌលគិរីដោយទី ១ ក្រុមហ៊ុនសហគ្រាសភូមិកសិកម្មធម្មជាតិ និងទី ២ ក្រុមហ៊ុនមាស បៃតង។

លោកប្រធានមន្ទីរបញ្ជាក់ថា ការចុះកិច្ចសន្យាបញ្ជាទិញកសិផល ពីកសិករនេះ គឺបានធ្វើឱ្យកសិករ ទទួលបានផលចំណេញច្រើន ដោយរក្សាបានតម្លៃក្នុងការចរចារ ដាំដុះទៅតាមតម្រូវការរបស់អ្នកបញ្ជាទិញ ដែលធ្វើឱ្យកសិករផលិតមិនសល់ចោលខ្វះទីផ្សារដូចពេលមុនៗឡើយ។

លោក លឿង វ៉ាន់ថន ជាកសិករដាំបន្លែ នៅភូមិចម្ការតែ សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ បានឱ្យដឹងដែរថា បច្នុប្បន្នលោកមានផ្ទៃដីដាំបន្លែទំហំ៦ហិកតា ដែលអាចទទួលបានទិន្នផល៥០០គីឡូក្រាម ទៅ១តោនជារៀងរាល់ថ្ងៃ តាមការបញ្ជាទិញ ដើម្បីផ្គត់ផ្គង់ក្នុងទីផ្សារនៅខេត្តមណ្ឌលគិរីខ្លះ និង នាំចេញទៅភ្នំពេញខ្លះ។ លោកបន្តថា បន្ទាប់ពីទទួលបានជោគជ័យ លោកនឹង ពង្រីកផ្ទៃដីដាំដុះបន្លែបន្ថែមឱ្យគ្រប់ចំនួន១០ហិកតា ដើម្បីបំពេញទៅតាមតម្រូវការរបស់ក្រុមហ៊ុន និងផ្សារទំនើបនានា ដែលបានចុះកុងត្រាទទួលទិញបន្លែពីចម្ការរបស់លោក ។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា នៅខេត្តមណ្ឌលគិរី វិស័យសាកវប្បកម្មកំពុងមាន ការទាក់ទាញប្រកបដោយ សក្តានុពលផ្នែកសេដ្ឋកិច្ច សម្រាប់ទីផ្សារក្នុង និងក្រៅតំបន់ជាពិសេស ទីផ្សាររាជធានីភ្នំពេញ មានស្ពៃក្តោប ស្ពៃបូកគោ ដំឡូងបារាំង ខ្ទឹមបារាំង និងការ៉ុត។ក្នុងនោះ ផ្ទៃដីដាំបន្លែជាទូទៅរបស់កសិករ មានទំហំចាប់ ពីកន្លះហិកតា ទៅ៣ហិកតា ហើយចម្ការបន្លែធំជាងគេនៅក្នុងខេត្តគឺមានទំហំចាប់ពី៦ហិកតាឡើងទៅ៕

ប្រភព៖ ក្រសួងព័ត៌មាន