ដោយសារកត្តាមួយចំនួននេះ ជំរុញឲ្យកសិករវៀតណាមរាប់សិបគ្រួសារ ងាកមកចាប់ផ្ដើមចិញ្ចឹមក្ដាមថ្មលក់
អាជីវកម្ម February 19, 2021 Khmernote

ប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថា ក្ដាមថ្មបានក្លាយជាអាហារដ៏ពេញនិយមសម្រាប់មនុស្សគ្រប់គ្នា ហើយខណៈពេលដែលទីផ្សារកំពុងត្រូវប៉ាន់ខ្លាំង គ្រួសាររាប់សិបគ្រួសារនៅតំបន់ដីសណ្ដទន្លេមេគង្គ ខេត្ត ត្រាវិញ ប្រទេសវៀតណាម បាននាំគ្នាចាប់ផ្ដើមចិញ្ចឹមក្ដាមថ្មនៅឆ្នាំនេះ។ យោងតាមសារព័ត៌មាន vietnamplus បានឲ្យដឹងថា របរចិញ្ចឹមក្ដាមថ្មរបស់ប្រជាជននាពេលបច្ចុប្បន្ននេះ មានកូនក្ដាមដល់ទៅចំនួន ៣៧លានក្បាល នៅលើផ្ទៃដីសរុប ៧,៣៣០ ហិកតា។ លោក Nguyen Van Vung មកពីឃុំ Long Hoa ស្រុក Chau Thanh បាននិយាយថា ប្រជាកសិករបានទាញយកផលពីលក្ខខណ្ឌទឹកដែលអំណោយផលនៅឆ្នាំនេះ ដើម្បីព្រលែងកូនក្តាមសមុទ្រនៅដើមឆ្នាំដោយសង្ឃឹមថាអាចប្រមូលផលបាន ៣ ដងពេញមួយឆ្នាំ។

ជាមួយគ្នានេះដែរតម្លៃក្ដាមនៅតែមានស្ថេរភាពក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយជួយឲ្យកសិកររកចំណូលបានពី ១៣០-១៥០ លានដុង (៥,៦០០-៦,៥០០ ដុល្លារ) ក្នុងមួយហិកតានៃផ្ទៃទឹក ដោយទទួលបានផល ៣ ដងក្នុងមួយឆ្នាំ។ លើសពីនេះផ្ទៃក្តាមសមុទ្រក្នុងខេត្តត្រាវិញបានពង្រីកដល់ ២៣,០០០ ហិកតាកាលពីឆ្នាំមុន កើនឡើងBI ៥,០០០-៧,០០០ ហិកតាបើប្រៀបធៀបនឹងឆ្នាំមុន ដែលទិន្នផលសរុបមានចំនួន ៧១,០០០ តោន។ មន្រ្តីមូលដ្ឋានបាននិយាយថា វិស័យកសិកម្មខេត្តបានលើកទឹកចិត្តដល់កសិករឱ្យបញ្ចូលគ្នានូវការចិញ្ចឹមក្តាមនិងបង្កង ព្រោះការចិញ្ចឹមក្តាមត្រូវការបច្ចេកវិទ្យា និងដើមទុនតិច៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus