ធ្លាប់តែល្បីទុរេន កំពត កំពង់ចាម តែឥលូវខេត្តពោធិ៍សាត់ក៏មានដំណាំទុរេនដែរ ហើយមានឱជារសឈ្ងុយឆ្ងាញ់មិនចាញ់ខេត្តដទៃឡើយ
អាជីវកម្ម February 18, 2021 Khmernote

ខេត្តពោធិ៍សាត់ក៏មានដំណាំទុរេនដែលមានឱជារសឈ្ងុយឆ្ងាញ់មិនចាញ់ខេត្តដទៃឡើយ ដោយសារគុណភាពដីល្អ រួមជាមួយនឹងពូជទុរេនមានរសជាតិផ្អែមឆ្ងាញ់។ ម្ចាស់ផ្ទះសំណាក់ចម្ការបៃតងនៅក្នុងខេត្តពោធិ៍សាត់បានប្រាប់ពីបច្ចេកទេសដាំទុរេននៅក្នុងខេត្ត ពោធិ៍សាត់ដែលទទួលបាន ផលខ្ពស់ មានរសជាតិឆ្ងាញ់ និងលក់បានតម្លៃថ្លៃ ដែលកសិករដទៃទៀតចាប់អារម្មណ៍អាចមករៀនសូត្របាន។

លោក សឹម សុជាតិ ម្ចាស់ផ្ទះសំណាក់ចម្ការបៃតង នៅខេត្តពោធិ៍សាត់ បានប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចេកទេសក្នុងការដាំ ផ្លែទុរេននេះ ជាដំបូងយើងត្រូវធ្វើរណ្ដៅ រួចលាយជី ជាមួយអង្កាម និងធ្យូង រួចដាក់ចូលក្នុងបាវ ទុករយៈពេលមួយខែ ឬ មួយខែកន្លះ ចាំយកកូនទៅដាំ ពេលដាំតម្រូវឱ្យយកកូនពូជក្រោមមួយម៉ែត្រ ទើបរឹងមាំល្អ។ លោកបន្តថា ការដំណាំទុរេននេះ ផងដែរមិនមានការរើសប្រភេទដីដាំទេ មិនថាដីចម្ការ ដីស្រែ ដីសួនច្បារឬដីភ្នំទេ ឱ្យតែមានទឹកគ្រប់គ្រាន់គឺដាំបានទាំងអស់។

លោកបានលើកឡើងថា៖ “តាមការពិតខ្ញុំរៀនកសិកម្មខ្ញុំសម្លឹងទៅលើថាដំណាំអ្វីមួយដែលមានទីផ្សារ បើសិនជាស្រូវមានតម្លៃខ្ពស់ ខ្ញុំនិងធ្វើ ស្រូវ បើប័រមានទីផ្សារឬទុរេនតែម្ដងព្រោះទុរេនមានទីផ្សារល្អខ្ញុំធ្លាប់និយាយថា ទុរេននឹងប័រជាទីផ្សារយក្សកម្លាំងយក្សស្រួល រកលុយបានច្រើន។

លោកបានបន្ថែមថា ទុរេនដែលយើងដាំក្នុងអំឡុង៣៦ខែ នឹងចេញផ្កា ហើយ៤០ខែ យើងនឹងបានប្រមូលផលលើកទីមួយ យើងអាចរកប្រាក់បានពី ១០០ដុល្លារ ដល់១៥០ដុល្លារ ក្នុង១ដើម។ សូមបញ្ជាក់ថា លោក សឹម សុជាតិ បានស្រាវជ្រាវ ពីបច្ចេកទេសដាំទុរេននៅក្នុងខេត្តពោធិ៍សាត់នេះ អស់រយៈពេលជាង១០ឆ្នាំមកហើយៗសព្វថ្ងៃលោកមានដាំទុរេន ប្រមាណ ជាង៣ហិកតា និងមានដាំទុរេនពូជម៉ាន់ថង ដែលមានតម្លៃ២០,០០០រៀលក្នុងមួយគីឡូក្រាម សម្រាប់លក់រាយ និងបោះដុំបានតម្លៃក្នុងមួយតោន៤,២០០ដុល្លារ៕

ប្រភព៖ ក្រសួងព័ត៌មាន