កូរ៉េខាងត្បូងបោះទុន ២០លានដុល្លារ បង្កើតរោងចក្រតំឡើងយានយន្តដើរដោយថាមពលអគ្គិសនីដំបូងគេនៅកម្ពុជា
អាជីវកម្ម February 17, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង បានបោះទុន ២០លានដុល្លារនៅក្នុងការបង្កើតរោងចក្រដំឡើងទោចក្រយានយន្ត និងត្រីចក្រក្រយានយន្ដ ដែលប្រើថាមពលអគ្គិសនី នឹងអាចបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជាក្នុងអំឡុងដើមខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC អនុម័តជាផ្លូវការកាលពីចុងសប្ដាហ៍មុន។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ឲ្យទៅក្រុមហ៊ុន ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង សម្រាប់គម្រោងបង្កើតរោងចក្រផ្គុំតម្លើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រើដោយថាមពលអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ខេត្តកណ្តាល, មានទុនវិនិយោគប្រមាណ ២០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។

(រូបតំណាង)

ដោយសារក្រុមហ៊ុនមានអគារមួយចំនួន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិរួចហើយ ដូច្នេះបន្ទាប់ពីទទួលបានការ​យល់ព្រមពី CDC ក្រុមហ៊ុនកំពុងតែសម្រុកសាងសង់ផលិតកម្មឲ្យបាន​លឿន ដើម្បីឈានទៅការចាប់ផ្ដើមសកម្មភាពដំឡើងត្រីចក្រក្រយានយន្ត ប្រើថាមពលអគ្គិសនីមុនដំបូងគេនៅកម្ពុជា។ ក្រុមហ៊ុននឹងនាំចូលនូវបំណែកផ្សំសម្រាប់ការដំឡើងនៅក្នុងពេលឆាប់ៗ ដោយភាគច្រើននាំមកពីប្រទេសកូរ៉េខាងត្បូង និងមួយចំនួនផលិតនៅប្រទេសកម្ពុជា។​ តាមរយៈការខិតខំ សង្ឃឹមថា រោងចក្រដំឡើងត្រីចក្រក្រយានយន្ត ដោយប្រើថាមពលអគ្គិសនីនេះ នឹងចាប់ផ្ដើមដំណើរការនៅដើមខែឧសភា ខាងមុខនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងព័ត៌មាន