ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ចិន ជ្រើសរើសប្រទេសថៃ បង្កើតមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គិសនី សម្រាប់លក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍
អាជីវកម្ម February 17, 2021 Khmernote

ក្រុមហ៊ុនផលិតរថយន្តចិន Great Wall Motors បានជ្រើសរើសប្រទេសថៃ ដើម្បីបង្កើតមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់សម្រាប់រថយន្តអគ្គិសនី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។ ប្រភពដដែលបាន​បន្តឲ្យដឹងថា កាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា លោក Supattanapong Punmeechaow ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងថាមពល លោក Dissathat Hotrakit អគ្គលេខាធិការនាយករដ្ឋមន្ត្រី និងលោក Duangjai Asawajintajit អគ្គលេខាធិការនៃក្រុមប្រឹក្សាវិនិយោគបានស្វាគមន៍លោក Zhang Jiaming ប្រធានក្រុមហ៊ុន Great Wall Motors ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានចាត់ទុកថានេះជាកត្តិយសដ៏ធំធេង សម្រាប់ប្រទេសដែលត្រូវបានជ្រើសរើស ជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ហើយវាទាក់ទងយ៉ាងពេញលេញជាមួយគោលនយោបាយរបស់ BCG (Bio-Circular-Green Economy) របស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយឥន្ធនៈហ្វូស៊ីលដោយមានជំនួយពីបច្ចេកវិទ្យា និងការច្នៃប្រឌិត។

ទន្ទឹមនឹងនេះដែរ លោក Jiaming បានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្រ្តី ដែលបានជួបលោក និងអរគុណរដ្ឋាភិបាលដែលបានជំរុញការវិនិយោគ។ លោកក៏បានលើកឡើងពីសក្តានុពលរបស់ប្រទេសថៃ ដែលជាប្រទេសផលិតថាមពលក្នុងតំបន់ដោយសារទីតាំង និងគោលនយោបាយរបស់រដ្ឋាភិបាល។ លោកបានបន្តថា ក្រុមហ៊ុនគ្រោងនឹងផលិតរថយន្តចំនួន ៨ម៉ឺនគ្រឿងនៅក្នុងត្រីមាសទី១ ក្នុងប្រទេសថៃ សម្រាប់លក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ហើយនឹងផ្តល់ការងារជាច្រើនដល់ពលករថៃ និងរួមចំណែកដល់ការអភិវឌ្ឍជំនាញនៅក្នុងប្រទេស៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost