ដំណឹងល្អ! WHO បន្ថែមវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនមួយ សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ខណៈវ៉ាក់សាំងនោះ កម្ពុជាក៏អនុញ្ញាតប្រើប្រាស់បន្ទាន់ដូចគ្នា
អាជីវកម្ម February 16, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) បានបន្ថែមវ៉ាក់សាំងការពារមេរោគ Covid-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford ទៅក្នុងបញ្ជីវ៉ាក់សាំង COVID-19 សម្រាប់ការប្រើប្រាស់ជាបន្ទាន់។ ប្រភពដដែលបានឲ្យដឹងថា លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានធ្វើសេចក្តីប្រកាសនៅឯសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ ម្សិលមិញនេះ។

គួរឲ្យដឹងថា វ៉ាក់សាំង AstraZeneca គឺជាវ៉ាក់សាំងទី២ ដែលត្រូវបានបន្ថែមទៅក្នុងបញ្ជីវ៉ាក់សាំង COVID-19 របស់អង្គការសុខភាពពិភពលោកសម្រាប់ការប្រើប្រាស់ជាបន្ទាន់។ ខណៈវ៉ាក់សាំងមួយដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអាមេរិកឈ្មោះថា Pfizer និងដៃគូរបស់ខ្លួនគឺក្រុមហ៊ុន BioNTech ជាវ៉ាក់សាំងដំបូងគេដែលត្រូវបានចុះបញ្ជី។ ទន្ទឹមនឹងនេះដែរ វ៉ាក់សាំង AstraZeneca-Oxford ឥឡូវអាចត្រូវបានចែកចាយតាមរយៈ COVAX Facility ដែលជាគម្រោងសកលធានាការចែកចាយវ៉ាក់នៅទូទាំងពិភពលោកប្រកបដោយសមធម៌រួមទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

ក្របខ័ណ្ឌអន្តរជាតិនេះ ត្រូវបានគេរំពឹងថានឹងពឹងផ្អែកយ៉ាងខ្លាំងលើវ៉ាក់សាំង AstraZeneca-Oxford ព្រោះផលិតផលនេះទំនងជានឹងចាក់វ៉ាក់សាំងភាគច្រើន ហើយនឹងត្រូវបានចែកចាយក្នុងកំឡុងពាក់កណ្តាលឆ្នាំដំបូង។ សូមបញ្ជាក់ផងដែរថា ការប្រកាសអំពីការចុះបញ្ជីនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបាននិយាយថា ទិន្នន័យសាកល្បងបឋមបានបង្ហាញថាវ៉ាក់សាំង AstraZeneca-Oxford ប្រហែលជាមិនសូវមានប្រសិទ្ធភាពក្នុងការការពារជំងឺស្រាល ឬ មធ្យមដែលបណ្តាលមកពីវីរុស Covid-19 បំលែងថ្មី ដែលត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសពីការសម្រេចអនុញ្ញាត ឲ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ១៩ Sinovac របស់ចិន និង វ៉ាក់សាំង AstraZeneca របស់អង់គ្លេស ក្នុងលក្ខខណ្ឌប្រើប្រាស់បន្ទាន់៕

អត្ថបទ៖ លីនី
ប្រភព៖ nhk