យុវជនក្នុងស្រុកបន្ទាយស្រីម្នាក់ រកចំណូលបានជាង ៥ពាន់ដុល្លារក្នុងមួយខែ ពីរបរចិញ្ចឹមឃ្មុំ
អាជីវកម្ម February 15, 2021 Khmernote

យុវជន លី ហួរ ម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំ បង្ហាញថា រយ:ពេល ០៤ឆ្នាំ នៃការរៀនចិញ្ចឹមឃ្មុំនៅខេត្តរតនគិរី ធ្វើឲ្យលោក យល់ថា មានសមត្ថភាពក្នុងការចិញ្ចឹមឃ្មុំនេះ ដោយរកប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពយ៉ាងល្អប្រសើរ។ យុវជនម្នាក់នេះ រកចំណូលបានជាង ៥ពាន់ដុល្លារ ក្នុងមួយខែៗ ពីរបរចិញ្ចឹមឃ្មុំ នេះ។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោក លី ហួរ បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមឃ្មុំ របស់លោក ស្ថិតក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកបន្តថា ការចិញ្ចឹមឃ្មុំ មានភាពងាយស្រួលជាងការដាំបន្លែ និងចិញ្ចឹមសត្វផ្សេងៗ ដោយលោក ចិញ្ចឹមដាក់ក្នុងធុង មានចំនួន ១០០ធុង។

ជាមួយគ្នានេះលោកពន្យល់ថា ស្រុកបន្ទាយស្រី គឺជាទីតាំងល្អមួយ ក្នុងការចិញ្ចឹមឃ្មុំដោយសារ នៅទីនេះមានផ្កាព្រៃ និងផ្កាដែលគេដាំច្រើន ងាយស្រួលដល់មេឃ្មុំទៅក្រេបយកលម្អង។ ដូច្នេះទឹកឃ្មុំដែលផលិតបាន មានរសជាតិដូចនឹងឃ្មុំព្រៃធម្មជាតិដែរ ដោយពុំមានដាក់លាយសាធាតុផ្សំឡើយ។

លោកបានបញ្ជាក់ថា ការប្រមូលផលទឹកឃ្មុំ គឺចាប់ពីខែមករា ដល់ឧសភា រីឯចាប់ពីខែមិថុនា ដល់ខែកញ្ញា គឺលោកចិញ្ចឹមឃ្មុំយកកូនលក់វិញ។ ក្នុង១ខែ សម្រាប់ឃ្មុំចំនួន១០០ធុង លោកអាចប្រមូលទឹកឃ្មុំបាន ៤៥០លីត្រ ដោយក្នុងមួយលីត្រ លោកលក់បាន ១០ម៉ឺនរៀល ប៉ុន្តែសម្រាប់តម្លៃលក់ដុំ គឺអាស្រ័យតាមការចរចារ។ ដូច្នេះក្នុងមួយខែលោកអាចរកប្រាក់ចំណេញពីការលក់ទឹកឃ្មុំបាន ជាង ៥ពាន់ដុល្លារ។ នៅថ្ងៃអនាគត ម្ចាស់កសិដ្ឋានរូបនេះ មានគម្រោងដាក់ធុងចិញ្ចឹមឃ្មុំបន្ថែមទៀត និងរៀបចំកន្លែងចិញ្ចឹមឃ្មុំនេះ សម្រាប់ទាក់ទាញភ្ញៀវទេសចរចូលទស្សនា និងស្នាក់នៅក្នុងខេត្តសៀមរាបឱ្យច្រើន និងទាញយកប្រាក់ចំណូល ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ៕

ប្រភព៖ ក្រសួងព័ត៌មាន