ជួយគាំទ្រផង! កូនខ្មែរមួយរូប ជានិស្សិតឆ្នាំទី២ ផ្តួចផ្តើមផលិតកាបូបស្បែកម៉ាក “ក្រវ៉ាញ” របស់ខ្មែរ
អាជីវកម្ម February 13, 2021 Khmernote

យោងតាមការបង្ហោះសារតាមបណ្តាញទំនាក់ទំនងហ្វេសប៊ុក រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា លោកថុល តូម៉ា បានបង្ហាញអំពីម៉ាកកាបូប fashion ជាផលិតផលម៉ាកខ្មែរសុទ្ធសាធដែលបានរចនាអក្សរក្បាច់ខ្មែរ ផលិតអំពីស្បែកក្រពើ ស្បែកគោ និងសូត្រខ្មែរជំហ៊ានដំបូង។ លោក ថុល តូម៉ា បានបន្តថា ការផ្តួចផ្តើមគំនិតនេះ បានធ្វើឡើង បន្ទាប់ពីលោកបានចូលរួមពិពណ៌វប្បធម៌អន្តរជាតិជាច្រើនលើកទាំងអាស៊ី អ៊ឺរ៉ុប និង តំបន់លោកខាងលិច ម្យ៉ាងធនធានកូនៗដែលទទួលបានអាហារូបករណ៍ តាមរយៈរូបលោកផ្ទាល់ ដែលមានស្រាប់ផង ក៏សម្រេចបង្កើតម៉ាក “ក្រវ៉ាញ”នេះឡើង។ ក្រវ៉ាញជារុក្ខជាតិព្រៃដើមស្រដៀងខ្ញី មានផ្កាក្រអូបទាក់ទាញ ឯផ្កាទៀតសោតក៏មានតម្លៃថ្លៃអាចផលិតជាគ្រឿងថែសម្រស់ ឬគ្រឿងសម្អាងផង។

អក្សរក្រវ៉ាញត្រូវបានរចនាដោយកូន Toch Rosa និស្សិតឆ្នាំទី២ នៃសាធារណៈរដ្ឋវៀតណាម ជំនាញ Industrial design (រចនាម៉ូតឱស្សាហកម្ម) ហើយកញ្ញា Lou Chandaravordy និស្សិតបញ្ចប់បរិញ្ញាប័ត្រនៅប្រទេសថៃជាអ្នកសម្របសម្រួលផ្នែកដេរ។

ក្រវ៉ាញ ត្រូវបានរចនាតាមម៉ាកម៉ូតទំនើបបុរស និងនារី មានទាំងសំលៀកបំពាក់ផងដែរ។ ម៉ាកនេះនឹងជួយសម្រួលដល់កសិដ្ឋានចិញ្ចឹមក្រពើរនៅកម្ពុជាឲ្យរស់ឡើងវិញ និងមានតម្លៃសមរម្យ។លោក ថុល តូម៉ា មានសង្ឃឹមថាម៉ាកនេះ នឹងអាចប្រកួតប្រជែងទីផ្សារអឺរ៉ុបលើកមុខមាត់ជាតិ បន្ទាប់ពីក្រុមការងាររបស់លោក បានប្រជុំសម្រេចសម្រួលកែក្បាច់ម៉ាក និងម៉ូតដើម្បីភាពឥតខ្ចោះ និងប្រណិតនេះឡើង៕ ដោយ៖ កន ចំណាន ប្រភព៖ ក្រសួង ព័ត៌មាន