ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ឈានដល់ការបញ្ឈប់ពីឡុត ៣៩៥នាក់ ដើម្បីដោះស្រាយបំណុល ៣០០ពាន់លានបាត
អាជីវកម្ម February 9, 2021 Khmernote

អ្នកបើកយន្តហោះរាប់រយនាក់របស់ក្រុមហ៊ុន Thai Airways នឹងត្រូវបញ្ឈប់ពីការងារ ក្រោមផែនការស្តារបំណុលរបស់ក្រុមហ៊ុន ខណៈក្រុមហ៊ុនអាកាសចរណ៍មួយនេះមានបំណុលជាប់ខ្លួនប្រមាណ ៣០០ពាន់លានបាត (ប្រមាណ ១០០ពាន់ដុល្លារ) ដែលបង្ខំឲ្យក្រុមហ៊ុនសម្រេចចិត្តបញ្ឈប់ការហោះហើរចំពោះយន្តហោះ ៣ ប្រភេទរួមមាន Airbus A330-300, A380, និង Boeing 747។ បន្ទាប់ពីការដោះស្រាយភាពក្ស័យធនអស់ជាច្រើនខែក្នុងពេល Covid-19 រាតត្បាត ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានសំរេចចិត្តបញ្ឈប់អ្នកបើកយន្តហោះចំនួន ៣៩៥នាក់ ដែលនាំឲ្យចំនួនអ្នកបើកយន្តហោះរបស់ក្រុមហ៊ុននៅសល់ ៩០៥ នាក់។

ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនបានសង្ស័យពីការគ្រប់គ្រងមិនត្រឹមត្រូវ និងអំពើពុករលួយដែលនាំឲ្យមានការខាតបង់យ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ថៃមួយនេះ។ គួររម្លឹកផងដែរថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways បានព្យាយាមលើរឿងជាច្រើនដើម្បីព្យាយាមរកលុយបន្ថែមមួយចំនួន។ ជាមួយនឹងការបញ្ឈប់ដំណើរទេសចរណ៍អន្តរជាតិក្រុមហ៊ុនអាកាសចរណ៍ថៃមួយនេះ បានធ្វើអាជីវកម្មនៅលើដី និងបានបើកហាងកាហ្វេដែលមានបម្រើអាហារនៅ ពេលហោះហើរ។ ជាក់ស្ដែងនៅក្នុងខែវិច្ឆិកាក្រុមហ៊ុនអាកាសចរណ៍ថៃបានប្រកាសថា ខ្លួននឹងដេញថ្លៃយន្តហោះដឹកអ្នកដំណើរដែលបានប្រើប្រាស់ចំនួន ៣៤ គ្រឿង ហើយក៏បានដាក់ដេញថ្លៃសំភារៈក្នុងឃ្លាំង និងជួលការិយាល័យរបស់ខ្លួនដើម្បីរកប្រាក់បន្ថែមមួយចំនួនផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger