ទោះបីទប់ស្កាត់វីរុសបានល្អក៏ពិតមែន តែគិតត្រឹមមួយខែដំបូងនៃឆ្នាំ២០២១ សហគ្រាសនៅវៀតណាមជិត ២៦០០០ កន្លែងបានបិទទ្វារ ខ្លះជាបណ្ដោអាសន្ន និងខ្លះជាអចិន្ត្រៃយ៍
អាជីវកម្ម February 8, 2021 Khmernote

យោងតាមនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា សហគ្រាសចុះបញ្ជីចំនួន ២៥,៧៥០ បានបិទទ្វារនៅក្នុងខែមករា​ ឆ្នាំ២០២១នេះ ដោយសារតែរងផលប៉ះពាល់ធ្ងន់ធ្ងរពីវីរុស Covid-19។ បើតាមរបាយការណ៍ពីនាយកដ្ឋានបានឲ្យដឹងថា ប្រហែល ១៨.០០០ អាជីវកម្មបានបិទទ្វារជាបណ្ដោះអាសន្ន ហើយចំនួនដែលនៅសេសសល់កំពុងបំពេញច្បាប់ដើម្បីបិទអាជីវកម្មជាអចិន្ត្រៃយ៍។ ក្នុងនោះ អាជីវកម្មដែលបានបិទភាគច្រើននៅក្នុងវិស័យលក់ដុំ លក់រាយ ការផលិត និងឧស្សាហកម្ម សំណង់ដែលភាគច្រើនជាសហគ្រាសខ្នាតតូច ឬ ទើបបង្កើតថ្មី។

របាយការណ៍ដដែលក៏បានឲ្យដឹងផងដែរថា សហគ្រាសតូចៗទាំងនោះ ងាយនឹងទទួលរងការប៉ះទង្គិចពីផ្នែកខាងក្រៅដែលបង្កឡើងដោយវីរុស Covid-19។ គួរ​ម្លឹកផងដែរថា នៅក្នុងខែមករា កន្លងទៅនេះ សហគ្រាសជាង ១ម៉ឺនសហគ្រាសបានចូលមកក្នុងទីផ្សារដោយក្នុងវិស័យចំនួន ១៣ ដែលបង្ហាញពីការកើនឡើងនៃចំនួនក្រុមហ៊ុនថ្មី។ ជាមួយគ្នានេះ ដើម្បីទប់ស្កាត់ការបិទអាជីវកម្មជាបន្តបន្ទាប់ រដ្ឋាភិបាលគួរតែអនុវត្តនូវគោលនយោបាយដែលជំរុញការអភិវឌ្ឍអាជីវកម្មខ្នាតតូច និងពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីជួយម្ចាស់ងាជិវកម្មឱ្យរួចផុតពីផលប៉ះពាល់នៃ Covid-19៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress