សោកស្ដាយ! អាជីវកម្មតូច-ធំ នៅជប៉ុនប្រមាណ ១,០០០ អាជីវកម្មបានក្ស័យធន ដោយសារវីរុសចង្រៃកូវីដ
អាជីវកម្ម February 6, 2021 Khmernote

យោងតាមក្រុមហ៊ុនសា្រវជ្រាវ​ឥណទាន Teikoku Databank បានឲ្យដឹងថា ចំនួនអាជីវកម្មដែលបានក្ស័យធនដោយសារជំងឺរាតត្បាត Covid-19 នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់ ១,០០០ អាជីវកម្មកាលពីឆ្នាំកន្លងទៅ។ បើតាមប្រភពដដែលបានឲ្យដឹងថា តួលេខនេះគ្របដណ្ដប់លើក្រុមហ៊ុន និងសហគ្រាសឯកជន ដែលបានដាក់ពាក្យស្នើសុំក្ស័យធន ឬ ចាប់ផ្ដើមនីតិវិធីទូទាត់ប្រាក់ស្របច្បាប់ (នីតិវិធីក្ស័យធន) ចាប់តាំងពីខែកុម្ភៈឆ្នាំមុន។​ ក្នុងនោះភោជនីយដ្ឋាន និងហាងស្រា ស្ថិតនៅលើគេក្នុងបញ្ជីដែលមានដល់ចំនួន ១៥៩ អាជីវកម្មដែលបានក្ស័យធន ខណៈវិស័យសំណង់បានក្ស័យធនឡើងដល់ចំនួន ៨៥ ហើយមកសណ្ឋាគារ និងផ្ទះសំណាក់មានចំនួន ៧៨អាជីវកម្ម។

ជាមួយគ្នានេះដែរ អាជីវកម្មដែលមិនអាចបន្តបានដោយសារតែជំងឺរាតត្បាតត្រូវបានគេ​ឲ្យដឹងថា កំពុងកើនឡើងប្រហែល ១០០អាជីវកម្មក្នុងមួយខែៗ។ ក្រុមហ៊ុនសា្រវជ្រាវ​ឥណទាន Teikoku Databank ក៏​កត់សម្គាល់ថា ការពង្រីកស្ថានភាពនៃភាពអាសន្ននៅទីក្រុងតូក្យូ និងអាណាខេត្តជាច្រើននឹងបណ្តាលឱ្យការចំណាយរបស់អ្នកប្រើប្រាស់ធ្លាក់ចុះ។ លើសពីនេះបរិយាកាសធុរកិច្ចកាន់តែលំបាកសម្រាប់ឧស្សាហកម្មសេវាកម្ម ដោយការកើនឡើងឥតឈប់នៃករណីថ្មីៗ នឹងជំរុញឲ្យអ្នកគ្រប់គ្រងទាំងនោះកាន់តែបោះបង់អាជីវកម្ម៕

អត្ថបទ៖ លីនី
ប្រភព៖ nhk