សុបិន្តក្លាយជាការពិត! ក្រោយតស៊ូអស់ច្រើនឆ្នាំ ពេលនេះមហាសេដ្ឋីថ្នាំលាបសាំងហ្គាពួរ បានកាន់កាប់ក្រុមហ៊ុនថ្នាំលាបធំជាងគេរបស់ជប៉ុន
អាជីវកម្ម February 5, 2021 Khmernote

ជិតមួយទសវត្សរ៍មុន កូនប្រុសមហាសេដ្ឋីថ្នាំលាបរបស់សាំងហ្គាពួរ គឺលោក Goh Cheng Liang បានដាក់គោលដៅដើម្បីទទួលបានការគ្រប់គ្រងពីក្រុមហ៊ុនថ្នាំលាបធំជាងគេរបស់ជប៉ុន ហើយនៅទីបំផុតគាត់ទទួលបានជោគជ័យ ដោយភាពជោគជ័យនេះជាផលប្រយោជន៍ដ៏ធំមួយក្នុងបង្កើនទ្រព្យសម្បត្តិរបស់គ្រួសារគាត់។ យោងតាមឯកសារដែលបានបង្ហាញនៅក្នុងសប្ដាហ៍នេះ ក្រុមហ៊ុន Wuthelam Holdings របស់មហាសេដ្ឋីរូបនេះ បានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Nippon Paint Holdings ក្នុងកិច្ចព្រមព្រៀងទឹកប្រាក់ចំនួន ១២ពាន់លានដុល្លារ ដែលបានចុះហត្ថលេខាកាលពីខែមុន។ យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg កិច្ចព្រមព្រៀងនេះ បានជួយបង្កើនទ្រព្យសម្បត្តិរបស់គាត់រហូតដល់ ២៤ពាន់លានដុល្លារអាមេរិក ពិចំនួន ១៦ពាន់លានដុល្លារ មុនពេលដែលសម្ព័ន្ធភាពនេះត្រូវបានប្រកាស។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រុមហ៊ុន Wuthelam និង Nippon Paint បានចាប់ដៃគ្នាបើកអាជីវកម្ម និងបណ្ដាក់ទុនគ្នារួមគ្នាជាមួយក្រុមហ៊ុននៅក្នុងប្រទេសជាច្រើនរួមមាន ចិន ឥណ្ឌា និងម៉ាឡេស៊ី។ ជាមួយគ្នានេះកាលពីខែសីហា​ ក្រុមហ៊ុនថ្នាំលាប Nippon Paint ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​ទទួលការព្រមព្រៀងដែលអនុញ្ញាតឱ្យពួកគេទិញភាគហ៊ុនរួមគ្នា និងកាន់កាប់អាជីវកម្មឥណ្ឌូនេស៊ី ដែលជាកម្មសិទ្ធិទាំងស្រុងរបស់ក្រុមហ៊ុន Wuthelam ហើយជាលទ្ធផលក្រុមហ៊ុនរបស់លោក Goh Cheng Liang បានបង្កើនភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុនថ្នាំលាប Nippon Paint ប្រហែលជា ៥៨%។

បន្ទាប់ពីឃើញភាពជោគជ័យមួយនេះ លោក Horace Chan អ្នកវិភាគរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Bloomberg បាននិយយាថា « ការរីកចម្រើននេះនឹងបន្តកើនឡើង ហើយវានឹងជួយក្រុមហ៊ុនទាក់ទងនឹងភាពងាយស្រួលនៃរចនាសម្ព័ន្ធសាជីវកម្មដែលនឹងអនុញ្ញាតឱ្យមានការបែងចែកធនធានប្រកបដោយប្រសិទ្ធភាព »។​

គួរឲ្យដឹងថា លោក Goh Cheng Liang វ័យ ៩៣ឆ្នាំ បានចាប់ផ្ដើមអាជីវកម្មថ្នាំលាបនៅឆ្នាំ១៩៤៩ នៅពេលដែលកងទ័ពអង់គ្លេសបានដាក់ដេញថ្លៃសម្ភារៈដែលលើសចំនួនក្នុងពេលធ្វើសង្គ្រាម។ គាត់បានទិញធុងថ្នាំលាបចាស់ៗ និងពណ៌មានចម្រុះហើយបន្ទាប់មកលក់វាក្រោមឈ្មោះយីហោផ្ទាល់ខ្លួនរបស់គាត់គឺ Pigeon។ ភាពជាដៃគូរបស់គាត់ជាមួយក្រុមហ៊ុនថ្នាំលាប Nippon Paint បានចាប់ផ្តើមនៅទសវត្សឆ្នាំ១៩៥០ នៅពេលដែលគាត់បានបង្កើតហាងដំបូងរបស់គាត់នៅប្រទេសសាំងហ្គាពួរ ហើយបានក្លាយជាអ្នកចែកចាយក្នុងស្រុកដ៏ធំសម្រាប់ក្រុមហ៊ុនជប៉ុន។ នៅឆ្នាំ១៩៦២ ពួកគេបានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយនៅប្រទេសសិង្ហបុរី ដែលពួកគេបានដាក់ឈ្មោះ Nippon Paint South-East Asia Group ឬ Nipsea ។ ជាមួយគ្នានេះកូនប្រុសរបស់លោក Goh គឺ Hup Jin ដែលបានដឹកនាំក្រុមហ៊ុនតាំងពីទសវត្សឆ្នាំ១៩៨០ បានចាប់ផ្តើមរុករកការកាន់កាប់ក្រុមហ៊ុនថ្នាំលាប Nippon Paint ក្នុងឆ្នាំ២០១២ ទោះបីជាការចរចាបានជាប់គាំង ហើយផ្ទុយទៅវិញបានធ្វើឱ្យសម្ព័ន្ធភាពយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅក្នុងឆ្នាំ២០១៤ ក៏ដោយ៕

អត្ថបទ៖ លីនី
ប្រភព៖ straitstimes