កសិករខេត្តសៀមរាប ដាំតែប្រទាលកន្ទុយក្រពើ អាចរកចំណូលបានពី ១ពាន់ដុល្លារដល់ទៅ ៤ពាន់ដុល្លារក្នុងមួយខែ
អាជីវកម្ម February 5, 2021 Khmernote

លោកស្រី ទូច ស្រីរ័ត្ន ជាកសិករដាំប្រទាលកន្ទុយក្រពើ ស្ថិតនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាម ខេត្តសៀមរាប បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា មកដល់ពេលនេះការដាំប្រទាលកន្ទុយក្រពើ របស់លោកស្រី គឺមានលក្ខណៈល្អប្រសើរ ដោយមានភ្ញៀវមក ទិញជាហូរហែ និងកុម្មង់ទិញតាមរយៈអនឡាញជាដើម ដែលលោកស្រីអាចរកចំណូលបន្ថែមសម្រាប់ ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ លោកស្រីបានចាប់មុខរបរដាំប្រទាលកន្ទុយក្រពើនេះ អស់រយៈពេល៥ឆ្នាំមកហើយ ដោយដំបូងឡើយយកពូជប្រទាលកន្ទុយ ក្រពើនេះ មកពីផ្ទះបងប្អូននៅប្រទេសជប៉ុនយកមកដាំ ហើយបច្ចុប្បន្ននេះការដាំប្រទាលកន្ទុយក្រពើរបស់លោកស្រី គឺជាលក្ខណៈគ្រួសារនៅឡើយទេ ដែលក្នុងមួយខែអាចមានលទ្ធភាពផ្គត់ផ្គង់កូនបានប្រហែល ៥០០០ ដើម ។

លោកស្រី បានបញ្ជាក់ថា ប្រទាលកន្ទុយក្រពើដែលលក់រាល់ថ្ងៃនេះ គឺលក់ច្រើនប្រភេទដូចជា៖ លក់កូនធម្មតា បណ្តុះដាក់ផើង និងលក់ជាធាងជាដើម។ ក្នុងនោះដែរ កូនប្រទាលកន្ទុយក្រពើពូជធម្មតាលក់ក្នុងតម្លៃ ៤០០០រៀល ក្នុងមួយដើម កូនដែលបណ្តុះ ដាក់ក្នុងផើងហើយ គាត់លក់បានចាប់ពី ១៥ដុល្លារ ដល់ ២០ ដុល្លារ ក្នុងមួយផើង ចំណែកឯធាងវិញ លក់បានក្នុងតម្លៃ៥០០០រៀលក្នុងមួយគីឡូក្រាម ហើយដាំដុះក្នុងរយៈពេល១០ខែទៅមួយឆ្នាំទើបអាចប្រមូលផលបាន។ លោកស្រីអាចរកប្រាក់ចំណូលបានពី១០០០ដុល្លារ ទៅ៤០០០ដុល្លារ ក្នុងមួយខែ។

លោកស្រីបានបន្តទៀតថា ចំពោះដំណាំប្រទាលកន្ទុយក្រពើនេះ គឺមានលក្ខណៈងាយស្រួលក្នុងការដាំដុះ មិនដូចដំណាំ ដទៃទៀតទេ ដោយមិនប្រើប្រាស់ពេលវេលាយូរ និងមិនត្រូវការមើលថែទាំជាប្រចាំនោះឡើយ។ ដំណាំប្រទាលកន្ទុយក្រពើនេះ គឺមានលក្ខណៈងាយស្រួលក្នុងការដាំ ដោយសាររុក្ខជាតិនេះ មិនមែនជារុក្ខជាតិ ដែលត្រូវការជីច្រើន ទឹកច្រើននោះទេ ទឹកយើងអាចស្រោចមួយថ្ងៃខានពីរថ្ងៃអីក៏បានដែរ ហើយជីយើងមួយខែទៅមួយខែកន្លះ យើងដាក់ឱ្យវាម្ដង ហើយអត់មានចាំបាច់ត្រូវការទឹក និងត្រូវការថែទាំប្រចាំថ្ងៃនោះទេ គឺយើងដាំធម្មតាបែបជាលក្ខណៈ គ្រួសារតិចតួចអ្វីក៏អាចដាំបានដែរ ព្រោះវាមានភាពងាយស្រួលមែនទែន ដោយមិនចាំបាច់ប្រើប្រាស់នូវសារធាតុគីមី ឬក៏ថ្នាំសម្លាប់សត្វល្អិតអីនោះទេ »។

លោកស្រីក៏បានបញ្ជាក់ដែរថា នៅថ្ងៃខាងមុខ លោកស្រីមានគម្រោងពង្រីកផ្ទៃដីដាំប្រទាលកន្ទុយក្រពើ ឲ្យបានដល់ ១០ហិកតាទៀត បើសិនជាមានដៃគូសហការ តែពេលនេះលោកស្រីកំពុងតែស្វែងរកដៃគូក៏ដូចជាក្រុមហ៊ុនផ្សេងៗ ដើម្បីសហការចែកចាយក្នុងស្រុកឬក៏នាំចេញទៅកាន់ទីផ្សារអន្ដរជាតិ។ សូមបញ្ជាក់ផងដែរថា ប្រទាលកន្ទុយក្រពើ ជាដំណាំមួយប្រភេទមានប្រយោជន៍ណាស់ ដែលប្រជាពលរដ្ឋភាគច្រើន អាចយក ប្រទាលនេះ ទៅកែច្នៃបានដូចជា ធ្វើភេសជ្ជៈ ជាថ្នាំសម្រាប់ព្យាបាលក្រពះ ,ពោះវៀន, បញ្ហាសន្លាក់ នឹងអាចយកទៅធ្វើជា គ្រឿងសម្អាងជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន