អាកាសយានដ្ឋានទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា នឹងបើកដំណើរការឡើងវិញចាប់ពីថ្ងៃនេះ ក្រោយ​ផ្អាកមួយរយៈ ​
អាជីវកម្ម February 4, 2021 Khmernote

មន្រ្តីអាកាសចរណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា អាកាសយានដ្ឋានទាំងអស់នៅក្នុងប្រទេសនឹងបើកដំណើរការវិញនៅថ្ងៃព្រហស្បតិ៍នេះ ហើយប្រតិបត្តិការហោះហើរនឹងវិលត្រលប់ទៅរកធម្មតាដូចពេលមុន មុនពេលដែលរដ្ឋប្រហារបានកើតឡើងកាលពីថ្ងៃច័ន្ទ។ ទោះយ៉ាងក៏ដោយ បើតាមប្រភពដដែលបានឲ្យដឹងថា ការលើកលែងការហោះហើរអន្តរជាតិត្រូវបានគេរំពឹងទុកថា សម្រាប់តែជើងហោះហើរដែលដឹកពលរដ្ឋមីយ៉ាន់ម៉ាដែលមានបំណងវិលត្រឡប់មកពីបរទេស ជនបរទេសដែលមានអនុញ្ញាតពិសេសពីរដ្ឋាភិបាលមីយ៉ាន់ម៉ា និងទំនិញតែប៉ុណ្ណោះ។

គួរម្លឹកផងដែរថា ប្រទេសមីយ៉ាន់ម៉ាបានហាមឃាត់ការចុះចតរាល់ជើងហោះហើរអន្តរជាតិទាំងអស់ ដែលជាវិធានការណ៍ដើម្បីការពារការឆ្លងវីរុស Covid-19។ ជាមួយគ្នានេះ មុនពេលរដ្ឋប្រហារកើតឡើង ការហោះហើរត្រូវបានធ្វើប្រតិបត្តិការប្រហែលមួយដងក្នុងមួយសប្តាហ៍រវាងប្រទេសជប៉ុននិងមីយ៉ាន់ម៉ា សម្រាប់ប្រជាជនជប៉ុនដែលបានផ្តល់ការអនុញ្ញាតពិសេស៕

អត្ថបទ៖ លីនី
ប្រភព៖ nhk