ម្ចាស់ចំការស្វាយចន្ទីជាង ៣០ហិកតា ចែកបទពិសោធន៍ជាប់ខ្លួនជាង ១៥ឆ្នាំ ក្នុងការដាំដុះដើម្បីទទួលបានទិន្នផលខ្ពស់
អាជីវកម្ម February 3, 2021 Khmernote

កសិករដាំស្វាយចន្ទីនៅខេត្តកំពង់ធំ បានចែករំលែកបទពិសោធន៍ក្នុងការដាំស្វាយចន្ទីដល់ប្រជាពលរដ្ឋដទៃទៀត ដែលមានបំណងចង់ដាំ ដើម្បីឱ្យទទួលបានទិន្នផលខ្ពស់ ខណៈដែលបច្ចុប្បន្ន កំពុងមានតម្រូវការក្នុងស្រុក ក៏ដូចជាការ នាំចេញទៅក្រៅប្រទេស។ លោក អួន ស៊ីឡុត ម្ចាស់ចម្ការស្វាយចន្ទីនៅខេត្តកំពង់ធំ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកមានចម្ការស្វាយចន្ទីចំនួន ៤ប្រភេទ មានផ្ទៃដីប្រមាណជាង៣០ហិកតា ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក ក៏ដូចជាការនាំចេញផងដែរ។ លោកបានបន្តថា ពូជស្វាយចន្ទីរបស់លោក គឺបានទិញក្នុងស្រុក និងខ្លះទៀតនាំចូលពីប្រទេសជិតខាង សម្រាប់បង្កាត់ពូជដាំ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។

លោកបន្ថែមថា សម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលចង់ដាំស្វាយចន្ទី គួរតែស្វែងយល់ឱ្យច្បាស់ពីបច្ចេកទេសដាំ ជ្រើសរើសដីដាំ ដែលមានល្បាយខ្សាច់ ដែលមិនជាំទឹក ព្រោះដីនេះ ជាដីប្រភេទអន់តែវាជាប្រភេទដីល្អសម្រាប់ដាំស្វាយចន្ទី។ ការជ្រើសរើសយកប្រភេទពូជណាដែលធន់នឹងការប្រែប្រួលអាកាធាតុ ហើយត្រូវដាក់ជីទៅតាមអាយុកាលរបស់វា ។

លោកបញ្ជាក់ថា ចំពោះកសិករណាដែលដំា ឬ ចង់បានបទពិសោធន៍អាចមកកាន់ចម្ការរបស់លោក ហើយលោកនឹងផ្តល់បច្ចេកទេសនៃការដាំ ដើម្បីទទួលបានជោគជ័យក្នុងមុខរបរមួយនេះ។ ហើយក្នុងនោះសមាគមន៍ក៏បានបោះពុម្ព ជាសៀវភៅពន្យល់បងប្អូនពីរបៀបដាំ ដែលឆ្លៀតឱកាសនេះដែលបងប្អូន ត្រូវតែអានសៀវភៅ របៀបថែទាំរបៀបដាក់ជីរបៀបប្រមូលផលគេបានប្រាប់យើងទាំងអស់ហើយសមាគម ក៏មានផេក ហើយសមាគមក៏មានតេឡេក្រាមដែលបងប្អូនអាចចូលទៅមើលបាន ដើម្បីសួរនាំពីបច្ចេកទេសផ្សេង នៅពេលដែលបងប្អូនមាន បញ្ហា សំណូមពរឱ្យបងប្អូនកុំដាំដោយមិនដឹងអី ឱ្យបងប្អូនរៀនសិនចាំដាំក្រោយ ដើម្បីកុំឱ្យបងប្អូនខាត ដំណាំអីក៏ដោយ បើយើងមិនដឹងមុន គឺខាតហើយនេះជាអ្វីដែលពួកខ្ញុំធ្លាប់ធ្វើ។

លោកបានបន្តថា ចម្ការស្វាយចន្ទីរបស់លោកមានចំនួនបួនប្រភេទគឺ ប្រភេទ M២៣ MH៥ M១០ និងប្រភេទ P២ ដែលគ្រាប់ស្រស់មានតម្លៃ ២៨០០រៀល គ្រាប់ស្ងួតមានតម្លៃ ៦០០០រៀលក្នុងមួយគីឡូក្រាម។ សូមបញ្ជាក់ថា ចម្ការស្វាយចន្ទីនេះ ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានបង្កើតឡើងជាង ១៥ឆ្នាំមកហើយ៕

ប្រភព៖ ក្រសួងព័ត៌មាន