ក្រុមហ៊ុនអាកាសចរណ៍មួយនៅវៀតណាម ចំណេញ ៣លានដុល្លារ ក្នុងពេលកូវីដរាតត្បាត ខណៈក្រុមហ៊ុនផ្សេងទៀតខាតបះជើងគ្រប់គ្នា
អាជីវកម្ម February 3, 2021 Khmernote

ក្រុមហ៊ុនអាកាសចរណ៍តម្លៃថោករបស់វៀតណាម Vietjet បានកត់ត្រាប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធរួចចំនួន ៧០ពាន់លានដុង (ប្រមាណ ៣លានដុល្លារ) ក្នុងឆ្នាំ២០២០ បើទោះបីជាវីរុស Covid-19 បានរាតត្បាត​ និងវាយប្រហារខ្លាំងទៅលើក្រុមហ៊ុនអាកាសចរណ៍ក៏ដោយ។ ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ខ្លួនថា ក្រុមហ៊ុនធ្វើឱ្យ Vietjet ក្លាយជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍មួយចំនួន នៅក្នុងពិភពលោកដែលមិនបានកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួន។

ជាមួយគ្នានេះក្រុមហ៊ុនអាកាសចរណ៍ធំជាងគេទី២ នៅវៀតណាមទាក់ទងនឹងចំណែកទីផ្សារមួយនេះ បានរាយការណ៍ថា​ ប្រាក់ចំណូលសរុបមានចំនួន ១៨.២ ទ្រីលានដុងកាលពីឆ្នាំមុន ដែលធ្លាក់ចុះ ៦៤% បើប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ លើសពីនេះ សេចក្ដីថ្លែងការណ៍ក៏បានកត់សម្គាល់ផងដែរថា យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនប្រាក់ចំណូលបន្ថែមមានជិត ៥០% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Vietjet ក្នុងឆ្នាំ ២០២០។

ការកើនឡើងនៃប្រាក់ចំណេញនេះទៀតសោត ត្រូវបានក្រុមហ៊ុនឲ្យដឹងថា​ ដោយសារតែការបង្កើនចំនួនជើងហោះហើរដឹកទំនិញ ដើម្បីទទួលបានប្រាក់ចំណូលជួសពីជើងហោះហើរដឹកអ្នកដំណើរដែលថយចុះ និងបង្កើនការប្រើប្រាស់ប្រព័ន្ធសេវាខ្លួនឯងនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងទីក្រុងហាណូយដើម្បីកាត់បន្ថយថ្លៃដើម។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បាននិយាយថា ខ្លួនបានប្រតិតបត្តិការជើងហោះហើរចំនួន ៧៨,៤៦២ ជើងក្នុងឆ្នាំ២០២០ ពោល គឺធ្លាក់ចុះពី ១៣៩,០០០ ក្នុងឆ្នាំ ២០១៩ ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress