ក្រុងបាងកក នឹងប្រែមកសភាពធម្មតាវិញបណ្ដើរៗ ក្រោយអាជីវកម្មចំនួន ៣៧ប្រភេទ អនុញ្ញាតឲ្យបើកឡើងវិញ
អាជីវកម្ម February 1, 2021 Khmernote

អភិបាលក្រុងបាងកកលោក Aswin Kwanmuang កាលពីចុងសប្ដាហ៍មុន បានអនុញ្ញាតឲ្យអាជីវកម្មចំនួន ៣៧ប្រភេទ នៅក្នុងក្រុងបើកដំណើរការឡើងវិញ បន្ទាប់ពីបញ្ជាឲ្យបិទដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុស Covid-19។ សេចក្ដីជូនដំណឹងរបស់អភិបាលក្រុងបានធ្វើឡើងបន្ទាប់ពីមានការយល់ព្រមពីមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពីវីរុស Covid-19 (CCSA) សម្រាប់ការបន្ធូរបន្ថយ។ បទបញ្ជាដែលត្រូវបានអនុម័តដោយគណៈកម្មធិការបង្ការជំងឺឆ្លងនេះ នឹងចូល​ជាធរមាននៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ប្រភពដដែលបានបន្តឲ្យដឹងថា បើទោះបីជា អភិបាលក្រុងបាងកកអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មមួយចំនួនក៏ពិតមែន តែក៏អាជីវកម្មមួយចំនួនមិនទាន់អនុញ្ញាតឲ្យបើកដំណើរការឡើងវិញនោះឡើយ។

ក្នុងនោះអាជីវកម្មដែលនៅតែបន្តបិទទ្វារួមមាន ហាងស្រា បារ ហាងខារ៉ាអូខេ កន្លែងម៉ាស្សា កន្លែងម៉ាស្សា​ កន្លែងជល់មាន់ផ្សេងៗ និងមជ្ឈមណ្ឌលថែទាំកុមារ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់មួយចំនួននៅក្នុងក្រុង។ ជាមួយគ្នានេះ អាជីវកម្មដែលអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ក៏ត្រូវឲ្យជៀសវាងសកម្មភាពដែលអាចបង្កហានិភ័យ និងវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។​

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានការណ៍ជំងឺ Covid-19 ឬ CCSA នៅថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ បានប្រកាសពីករណីថ្មីនៃជំងឺ Covid-19 ចំនួន ៩៣០ករណី ដែលនាំឱ្យចំនួនសរុបកើនដល់ ១៧,៩៥៣ ករណី នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន។ ភាគច្រើននៃករណីទាំងនោះ ក៏ដូចជាករណីជាច្រើនសប្តាហ៍កន្លងមក គឺមកពីខេត្តសាមុតសាខន នៅក្នុងកន្លែងស្នាក់នៅរបស់ពលករចំណាកស្រុក ជំរំ និងរោងចក្រ ដែលពួកគេត្រូវបានហាមឃាត់មិនឱ្យមានប្រាស្រ័យទាក់ទង ឬផ្ដុំគ្នាជាមួយមនុស្សនៅខាងក្រៅ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand