ក្រុមហ៊ុន ANA Holdings ដែលជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ធំជាងគេទាំង ២ របស់ជប៉ុនបានប្រកាសពីការខាតបង់សុទ្ធក្នុងរយៈពេល ៣ត្រីមាស នៃឆ្នាំ២០២០ ដោយសារតែជំងឺរាតត្បាត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK ក្រុមហ៊ុន ANA និយាយថា ការលក់ជាក្រុមរបស់ខ្លួននៅក្នុងរយៈពេលពីខែមេសាដល់ខែធ្នូ មានប្រមាណតែ ៥ ពាន់លានដុល្លារប៉ុណ្ណោះ។ ក្នុងនោះ គឺធ្លាក់ចុះ ៦៦.៧% គិតជាប្រាក់យ៉េន ខណៈគិតជាប្រាក់ដុល្លារខាតបង់សុទ្ធមានប្រហែល ៣ ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុនបានបន្តឲ្យដឹងថា បញ្ហាទាំងអស់នេះត្រូវបានជំរុញដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនអ្នកដំណើរនៅលើជើងហោះហើរទាំងក្នុងស្រុកនិងអន្តរជាតិ ក៏ដូចជាការបាត់បង់ដែលទាក់ទងនឹងការកាត់យន្ដហោះចេញពីកងនាវារបស់ខ្លួន។ ជាមួយគ្នានេះបច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះទើបតែប្រតិបត្តិការ ២០% នៃជើងហោះហើរអន្តរជាតិដែលបានគ្រោងទុក ហើយ ៣០% ទៀតត្រូវចតចោលដោយសាររដ្ឋាភិបាលជប៉ុនប្រកាសអាសន្នក្នុងដើមខែនេះសម្រាប់ផ្នែកខ្លះនៃប្រទេស៕



អត្ថបទ៖ លីនី
ប្រភព៖ nhk


