កសិដ្ឋានអភិវឌ្ឍន៏កសិកម្មបណ្ដុះកូនឈើប្រណិតនៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម កំពុងមានទីផ្សារល្អប្រសើរ ខណៈពេលដែលបច្ចុប្បន្នមានអតិថិជនជាច្រើនបានមកទិញសម្រាប់ដាំដុះនៅតាមគេហដ្ឋាន និងតាមចម្ការ។ លោក ម ប៊ុន ស្រ៊ន់ ម្ចាស់កសិដ្ឋានអភិវឌ្ឍន៍កសិកម្មបណ្ដុះឈើប្រណិតនៅក្នុងស្រុកជើងព្រៃបាននិយាយថា កសិដ្ឋានរបស់លោកមានបណ្ដុះកូនឈើប្រណិត និងដំណាំហូបផ្លែជាច្រើនប្រភេទ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុកក៏ដូចជានាំចេញទៅកាន់រាជធានី-ខេត្តផ្សេងៗទៀតផងដែរ។ លោកបានបន្តថា ពូជកូនឈើប្រណិតរបស់លោកគឺបានមកពីការទិញក្នុងស្រុក និងខ្លះទៀតនាំចូលពីប្រទេសជិតខាងសម្រាប់បង្កាត់ពូជដាំ ដែលបច្ចុប្បន្នកំពុងមានតម្រូវការខ្ពស់នៅទីផ្សារក្នុងស្រុក។
លោកបន្ថែមថា មូលហេតុដែលលោកបង្កើតកសិដ្ឋានបណ្ដុះកូនឈើប្រណិតនេះ ដោយសារលោកមើលឃើញថា បច្ចុប្បន្នវិស័យកសិកម្មកាន់តែមានភាពរីកចម្រើន និងជាពិសេសចង់ឱ្យប្រទេសកម្ពុជាប្រែក្លាយទៅជាប្រទេសបៃតង មានដើមឈើស្រស់ស្អាត និងដើម្បីលើកស្ទួយវិស័យកសិកម្មនៅក្នុងខេត្ត។
លោកបានបន្តថា កសិដ្ឋានរបស់លោកមានបណ្ដុះកូនឈើប្រណិត និងឈើហូបផ្លែជាច្រើនប្រភេទដូចជា៖ កូនគ្រញូងហៃណាន ធ្នង់ នាងនួន បេង លម៉ើ មៀនក្រអូបកោះក្របី ទទឹមក្រហម និងដូងក្រអូបជាដើម។ សូមបញ្ជាក់ថា កសិដ្ឋានអភិវឌ្ឍន៍កសិកម្មបណ្ដុះកូនឈើនេះ ស្ថិតនៅឃុំស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបង្កើតឡើងតាំងពីឆ្នាំ ២០១៨ លើផ្ទៃដីដាំដុះជាង ១ហិកតា៕

ប្រភព៖ ក្រសួងព័ត៌មាន


