Toyota បានវ៉ាដាច់ក្រុមហ៊ុន Volkswagen ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតលើពិភពលោក ក្រោយជ្រុះតំណែងអស់ ៥ឆ្នាំ
អាជីវកម្ម January 29, 2021 Khmernote

សារព័ត៌មាន Bangkok Post កាលពីម្សិលមិញនេះបានចុះផ្សាយថា ក្រុមហ៊ុន Toyota បានដណ្តើមបានតំណែងជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់ជាងគេបំផុតនៅលើពិភពលោកនៅឆ្នាំ២០២០ នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយដោយក្រុមហ៊ុន កាលពីថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យក្រុមហ៊ុន Volkswagen ជាប់ចំណាត់ថ្នាក់លេខ ២ ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ។ ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនបានលក់រថយន្តចំនួន ៩.៥៣ លានគ្រឿងនៅជុំវិញពិភពលោកកាលពីឆ្នាំមុន ដោយវ៉ាដាច់ការលក់ចំនួន ៩.៣ លានគ្រឿងដែលផលិតដោយគូប្រជែងរបស់ខ្លួន។

លើសពីនេះ ក្រុមហ៊ុនយក្សរបស់ប្រទេសជប៉ុនមួយនេះបាននាំមុខគេ បើទោះបីជាមានការធ្លាក់ចុះនៃការលក់នៅទូទាំងពិភពលោកជាង ១០%ក៏ដោយ ដោយសារតែឧស្សាហកម្មរថយន្តទទួលរងនូវផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19។ ជាក់ស្ដែង នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា “ ទោះបីជាក្រុមហ៊ុនត្រូវវីរុស Covid-19 បានរាតត្បាតយ៉ាងខ្លាំងក៏ដោយ ក៏ក្រុមហ៊ុន Toyota នៅតែអាចបន្តប្រតិបត្តិការក្រុមហ៊ុន តាមរយៈការអនុវត្តយ៉ាងទូលំទូលាយនូវវិធានការណ៍បង្ការ ការឆ្លងផ្សេងៗ និងដោយធ្វើការរួមគ្នាជាមួយដៃគូរួមទាំងអ្នកផ្គត់ផ្គង់ និងអ្នកចែកចាយ” ។

ទោះជាយ៉ាងណាកត្តាទាំងនេះនៅតែល្អប្រសើរជាងការធ្លាក់ចុះជាង ១៥% នៃការលក់ដែលក្រុមហ៊ុន Volkswagen ដែលបានប្រកាសកាលពីដើមខែនេះ។ ក្រុមហ៊ុន Toyota បានបន្តឲ្យដឹងថា ខ្លួនទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃការលក់នៅក្នុងប្រទេសចិន ដែលកើនឡើងជាង ១០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និងជាដំណើរការល្អប្រសើរជាងការរំពឹងទុកនៅទូទាំងពិភពលោកនៅក្នុងត្រីមាសចាប់ពីខែតុលា ដល់ខែ ធ្នូ។ គួឲ្យដឹងថា ពេលវេលាចុងក្រោយដែលក្រុមហ៊ុន Toyota បានឈរនៅលំដាប់កំពូល គឺនៅឆ្នាំ ២០១៥ ហើយក្រោយមត្រូវបានបាត់បង់តំណែងដោយសារ ក្រុមហ៊ុន Volkswagen ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost