ក្រុមហ៊ុន Apple និង Facebook កាលពីពេលថ្មីៗនេះ បានប្រកាសពីការកើនឡើងយ៉ាងខ្លាំងនៃការលក់ និងប្រាក់ចំណេញនៅក្នុងត្រីមាសដែលគិតចាប់ពីខែតុលា រហូតដល់ខែធ្នូ ឆ្នាំ២០២០ ចំពេលផ្ទុះឡើងរលកថ្មីនៃវីរុស Covid-19។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកទាំងពីរនេះ បានចេញផ្សាយរបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសរបស់ពួកគេកាលពីថ្ងៃពុធ ក្នុងនោះ Apple បានរាយការណ៍ថា ប្រាក់ចំណូលរបស់ខ្លួនសម្រាប់រយៈពេលនេះឈានដល់ ១១១.៤ ពាន់លានដុល្លារដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានប្រចាំត្រីមាសរបស់ខ្លួន។
ជាមួយគ្នានោះដែរ ក្រុមហ៊ុនបានរាយការណ៍អំពីការកើនឡ់ងខ្លាំងនៃការលក់ទូរស័ព្ទ iPhone និងឧបករណ៍ដែលត្រូវបានប្រើសម្រាប់ការងារទូរគមនាគមន៍ដូចជា កុំព្យូទ័រយួរដៃ និងកុំព្យូទ័រថេប្លេត។ ដែលការលក់ទាំងនេះត្រូវបានជំរុញដោយអ្នកប្រើប្រាស់ សម្រាប់ធ្វើការ និងស្នាក់នៅក្នុងផ្ទះ ហើយជាលទ្ធផល ក្រុមហ៊ុន Apple រកប្រាក់ចំណូលបានជិត ២៩ ពាន់លានដុល្លារក្នុងត្រីមាសនេះគឺកើន ២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យ៉ាងណាមិញក្រឡេកទៅមើលក្រុមហ៊ុន Facebook ឃើញថាប្រាក់ចំណូលសរុបកើនឡើង ៣៣% ដោយសារការផ្សាយពាណិជ្ជកម្ម និងអាជីវកម្មផ្សេងទៀត ដែលទទួលបានអត្ថប្រយោជន៍ពីតំរូវការដែលបានមកពីការធ្វើការនៅផ្ទះ។ ក្នុងនោះប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុនបានកើនឡើង ៥៣% ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ កំពុងប្រឈមមុខនឹងការរិះគន់ដែលថា ឥទ្ធិពលទីផ្សាររបស់ពួកគេកំពុងរារាំងការប្រកួតប្រជែងដោយយុត្តិធម៌។ លើសពីនេះក៏មានភាពចម្រូងចម្រាសផងដែរ ជុំវិញការត្រួតពិនិត្យការចោទប្រកាន់ដោយប្រព័ន្ធផ្សព្វផ្សាយសង្គម៕

អត្ថបទ៖ លីនី
ប្រភព៖ nhk


