យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ក្រុមហ៊ុនផលិតឱសថ AstraZeneca Plc គ្រោងនឹងផលិតនូវវ៉ាក់សាំងការពារជំងឺ Covid-19 ចំនួន ៩០ លានដូសនៅក្នុងប្រទេសជប៉ុន ឬប្រហែល ៧៥% នៃវ៉ាក់សាំងសរុបដែលប្រទេសនេះគ្រោងនឹងទទួលបានពីក្រុមហ៊ុនឱសថអង់គ្លេសមួយនេះ។ យោងតាមប្រភពដែលបានដឹងឱ្យដឹងថា ក្រុមហ៊ុន JCR Pharmaceuticals Co នៅតំបន់ Hyogo ភាគខាងលិចប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងទទួលបន្ទុកក្នុងការផលិតនូវវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និងត្រូវបានកំណត់ដើម្បីផ្តល់នូវការចាក់ថ្នាំបង្ការចំនួន ១២០ លានដូស ឬគ្រប់គ្រាន់សម្រាប់ប្រជាជនប្រហែល ៦០ លាននាក់ក្នុងប្រទេសជប៉ុន។
លោក Katsunobu Kato ប្រធានលេខាធិការខុទ្ទកាល័យជប៉ុនបាននិយាយនៅក្នុងសន្និសីទកាសែតមួយថា « វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការមានប្រព័ន្ធផលិតវ៉ាក់សាំងនៅក្នុងប្រទេសរបស់យើង »។ លោក Kato បាននិយាយថា « ក្រុមហ៊ុន AstraZeneca កាលពីថ្ងៃពុធ បានជូនដំណឹងដល់ក្រសួងសុខាភិបាលជប៉ុនអំពីផែនការរបស់ខ្លួនសម្រាប់ផលិតកម្មក្នុងស្រុក »។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលទីក្រុងតូក្យូគ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺ Covid-19 នៅចុងខែកុម្ភៈ ដោយផ្តល់អាទិភាពដល់បុគ្គលិកពេទ្យ។ គួរឱ្យដឹងផងដែរថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងទទួលយកនូវថ្នាំចំនួន ៣១០ លានដូសបញ្ចូលគ្នាពីក្រុមហ៊ុន AstraZeneca ក៏ដូចជាក្រុមហ៊ុនឱសថអាមេរិក Pfizer Inc និងក្រុមហ៊ុន Moderna Inc ផងដែរ៕
អត្ថបទ៖ នីតា
ប្រភព៖ kyodonews


