ម្ចាស់កសិដ្ឋានចែកចាយពូជត្រីមួយកន្លែងក្នុងខេត្តត្បូងឃ្មុំ បានចែករំលែកបទពិសោធន៍ថា បើចង់បានពូជត្រី យកទៅចិញ្ចឹមដែលល្អ កសិករត្រូវចេះពីបច្ចេកទេសបង្កាត់ពូជ និងការផ្តល់ចំណីឱ្យបានត្រឹមត្រូវដើម្បីកុំឱ្យមានការខាតបង់។ លោក ខាង វ៉ានឆេង ម្ចាស់កសិដ្ឋានចែកចាយពូជត្រីមួយកន្លែង ស្ថិតនៅក្នុងភូមិរលើ ឃុំដូនតី ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា មុខរបរចិញ្ចឹមពូជត្រីនេះ គឺត្រូវយល់ដឹងឱ្យបានច្បាស់ជាមុនពីបច្ចេកទេសនៃការចិញ្ចឹម ពិសេសគឺត្រូវសិក្សាស្វែងយល់ពីការបង្កាត់ពូជ និង ការឱ្យចំណីឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យខាតបង់ថវិកា។
លោកបន្តថា កសិដ្ឋានរបស់លោកបានចិញ្ចឹមពូជត្រីប្រមាណ ១៣ប្រភេទ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ពូជត្រីនៅក្នុងខេត្ត និងការនាំចេញទៅរាជធានី ខេត្តផ្សេងៗទៀតផងដែរ។ លោកបន្ថែមថា ក្នុងមួយខែលោកអាចរកចំណូលបានចន្លោះពី ៤០០០ដុល្លារ រហូតដល់ ៥០០០ដុល្លារ ក្នុងការលក់ពូជត្រី ទាំងអស់។

លោកមានប្រសាសន៍ថា៖ «ការចិញ្ចឹមត្រីអាចនាំផលប្រយោជន៍ដល់ប្រជាជនទី១គាត់អត់ដើរទៅឆ្ងាយៗអាចជួបជុំក្រុមគ្រួសារ ទី២រកប្រាក់ ចំណូលបានគួរសម រយៈពេល២ទៅ៣ខែគាត់អាចរកចំណូលបានគួរសមតាម ដែលប្រជាជនគាត់ចិញ្ចឹមតិច ឬច្រើន និយាយទៅវាល្អតាមដែលខ្ញុំមើលទៅបើសិនជាទីផ្សារត្រីហ្នឹងបានល្អប្រជាជនគាត់នឹងចិញ្ចឹមច្រើន»។

ជាមួយគ្នានេះលោកក៏បានអំពាវនាវសុំដល់ខាងមន្ទីរជួយរកទីផ្សារត្រីសាច់បន្ថែម ខណៈដែលបច្ចុប្បន្នមានប្រជាកសិករជាច្រើនកំពុង ប្រកបរបរចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ លោក ខាង វ៉ានឆេង បានចាប់យកមុខរបរចិញ្ចឹមត្រីនេះ រយៈពេល ១ឆ្នាំមកហើយ ដែលមានសមាជិក ៣០០គ្រួសារចូលរួម ហើយមានពូជត្រីជាច្រើនប្រភេទដូចជា កូនត្រីអណ្ដែងទន់កូនកាត់ កូនត្រីអណ្ដែងទន់ស្រែ កូនត្រីប្រា កូនត្រីក្រាញ់ ត្រីពោ ត្រីឆ្ពិន ត្រីទីឡាព្យ៉ា ត្រីកន្ធរ ត្រីរ៉ស់ ត្រីឆ្ដោ កូនកង្កែប នឹងកូនអន្ទង់៕

ប្រភព៖ ក្រសួងព័ត៌មាន


