ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដ៏ធំ ANA នឹងកាត់បន្ថយជើងហោះហើរអន្តរជាតិ ៥០% នៅរដូវក្តៅឆ្នាំ២០២១ នេះ ហើយអាចកាត់បន្ថយថែមទៀតបើវីរុសនៅតែរាតត្បាត
អាជីវកម្ម January 26, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដ៏ធំ All Nippon Airways គ្រោងនឹងកាត់បន្ថយជើងហោះហើរអន្តរជាតិក្នុងរដូវក្តៅចំនួន ៥០ ភាគរយ។ ប្រភពដដែលបានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនកាត់បន្ថយជើងហោះហើរដូច្នេះ គឺដោយសារជំងឺ​ Covid-19 នៅតែបន្តរាតត្បាតទាំងក្នុង និងក្រៅប្រទេស ហើយការកាត់បន្ថយនឹងចាប់ពីថ្ងៃទី ២៨ ខែមីនា ដល់ថ្ងៃទី ៣០ ខែតុលា។ ជាមួយគ្នានេះ ក្រុមហ៊ុន ANA នឹងបញ្ឈប់ការហោះហើរនៅលើជើងហោះហើរអន្តរជាតិចំនួន ១៦ ក្នុងនោះរួមមានពី Narita ទៅ New York និងចាប់ពី Haneda Airport ទៅ Istanbul និង Stockholm ។

ទន្ទឹមនឹងនេះ ក្រៅពីកាត់បន្ថយជើងហោះហើរអន្តរជាតិ អាកាសយានិកនឹងហោះហើរយន្តហោះតូចៗនៅលើផ្លូវអន្តរជាតិដែលខ្លួនកំពុងរក្សាប្រតិបត្តិការ តែកាត់បន្ថយកន្លែងអង្គុយពាក់កណ្តាល។ គួរឲ្យដឹងផងដែរថា ចាប់តាំងពីការផ្ទុះឡើងនៃវីរុស Covid-19 ក្រុមហ៊ុនអាកាសចរណ៍ ANA បានផ្អាក ឬ កាត់បន្ថយជើងហោះហើរអន្តរជាតិប្រមាណ ៨០% រួចមកហើយ ខណៈ ANA អាចកាត់បន្ថយថែមទៀត ប្រសិនបើជំងឺរាតត្បាតនៅតែបន្តរឹតត្បិតការធ្វើដំណើរ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk