កសិដ្ឋានចិញ្ចឹមត្រីលម្អមួយកន្លែង គ្រោងនាំចេញត្រីប៉ុន្មានប្រភេទនេះទៅកាន់ប្រទេសចិន
អាជីវកម្ម January 23, 2021 Chan Sreyny

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឱ្យកសិដ្ឋានចិញ្ចឹមត្រីលម្អ (First Aquatic Industrial)
ត្រៀមរៀបចំឯកសារបច្ចេកទេសពាក់ព័ន្ធដល់ការចិញ្ចឹមសម្រាប់ឈានទៅដល់ការរៀបចំពិធីសារនាំចេញត្រីលម្អនេះទៅកាន់ប្រទេសចិន។ ការនាំចេញអាចធ្វើទៅបាន គឺត្រូវសហការជាមួយរដ្ឋបាលជលផលកម្ពុជាធ្វើការទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយចិនស្នើសុំបែបបទ ឬលក្ខខណ្ឌតម្រូវចាំបាច់នានាពីភាគីចិនជាជំហានបឋម ដើម្បីជួយធ្វើឱ្យដំណើរការនាំចេញនាពេលខាងមុខប្រព្រឹត្តទៅដោយរលូន ចៀសវាងការកកស្ទះផលិតផលដែលកសិដ្ឋានចិញ្ចឹមបាន។ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានចុះទុនវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អដែលសកម្មភាពនេះ សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគិនក្នុង និងក្រៅប្រទេសសំដៅលើកស្ទួយវិស័យវារីវប្បកម្ម
និងការនាំចេញត្រីលម្អ។

ម្យ៉ាងវិញទៀត ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនដោយបញ្ជាក់ថា ជាមួយសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាននាពេលបច្ចុប្បន្ន ក្រសួងក៏ដូចជារដ្ឋបាលជលផលនឹងរង់ចាំសហការសម្របសម្រួល ដើម្បីឱ្យដំណើរការវិនិយោគចិញ្ចឹមត្រីលម្អ និងដំណើរការនាំចេញត្រីលម្អនេះសម្រេចបានជោគជ័យ។

លោក Li Xuequn អ្នកគ្រប់គ្រងទូទៅក្នុងកសិដ្ឋានចិញ្ចឹមត្រីលម្អ First Aquatic Industrial បានឱ្យដឹងថា កសិដ្ឋានបានចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៧ ដោយចំណាយទុនវិនិយោគចំនួន ៤ លានដុល្លារ (មិនរួមបញ្ចូលការវិនិយោគលើការកសាងហេដ្ឋារចនាសម័ន្ធសំខាន់ៗ) ដែលបច្ចុប្បន្នមានចិញ្ចឹមត្រីលម្អ (ត្រីនាគ) នាំពូជចូលពីប្រទេសចិន ត្រីបបែលទឹកសាប និងត្រីទឹកសាបកម្ពុជាជាច្រើនប្រភេទទៀត។

លោកបន្ថែមថា នៅឆ្នាំដំបូងនេះកសិដ្ឋានគ្រោងនាំចេញត្រីនាគជាង ១,០០០ ក្បាលក្នុងមួយឆ្នាំ និងត្រីបបែលជាង ៥,០០០​ ក្បាលក្នុងមួយឆ្នាំទៅកាន់ទីផ្សារប្រទេសចិន ដោយគិតក្នុងតម្លៃត្រីនាគពេញវ័យលក់បាន ១,០០០ ដុល្លារក្នុងមួយក្បាល និងត្រីបបែល ២០០ ដុល្លារក្នុងមួយក្បាល (តម្លៃអាស្រ័យលើប្រភេទពូជ ពណ៌ ទំហំ និងអាយុ)។

សូមបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមត្រីលម្អ First Aquatic Industrial co., Ltd មានទីតាំងស្ថិតនៅភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលដែលមានកម្មករសរុប ៥០ នាក់ក្នុងនោះមានអ្នកជំនាញជលផលទាំងខ្មែរ និងចិនចំនួន ១០នាក់៕

ប្រភព៖ ក្រសួងព័ត៌មាន