ប្រជាកសិករសហគមន៍ពន្លឺថ្មីពេជ្រចិន្តាស្ថិតក្នុងស្រុកភ្នំព្រឹកលើកឡើងថា កន្លងមកបងប្អូនធ្លាប់ដាំបន្លែនៅទីវាលដែលវាពិបាកទាំងការថែទាំ និងពិបាករកទីផ្សារ ប៉ុន្តែការដាំតាមបច្ចេកទេសថ្មីងាយស្រួល និងទទួលបានផលច្រើនស្រួលលក់។ បងប្អូនកសិករបានបន្តថា ដោយមិនអាចទទួលបានផលល្អក្នុងការដាំបន្លែនៅទីវាល ពួកគាត់ក៏បានចាប់ផ្ដើមស្វែងរកការដាំដុះបន្លែមានទីផ្សារល្អវិញ ទើបសម្រេចរៀនបច្ចេកទេសដាំបន្លែសុវត្ថិភាពក្នុងរោងសំណាញ់យូវីពីមន្ត្រីកសិកម្ម និងអ្នកជំនាញកសិកម្មនៅសហគមន៍តាសីសាមគ្គីស្ថិតក្នុងស្រុកថ្មគោល ខណៈសហគមន៍មួយនេះក៏បានរកទីផ្សារនៅរាជធានីភ្នំពេញឱ្យ និងលក់បានតម្លៃសមរម្យទូទាត់នឹងការចំណាយបាន ហើយសល់ប្រាក់ខ្លះសម្រាប់ផ្គត់ផ្គង់គ្រួសារ និងធ្វើការដាំដុះបន្តទៀត។
លោក ផេង សុផុន ប្រធានក្រុមផ្នែកបន្លែនៃសហគមន៍ពន្លឺថ្មីពេជ្រចិន្តាបានលើកឡើងថា សម្រាប់បន្លែសុវត្ថិភាពដាំក្នុងរោងសំណាញ់នៅសហគមន៍នេះមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារនៅឡើយទេ ខណៈមានការបញ្ជាទិញច្រើនពីសំណាក់ក្រុមហ៊ុនដៃគូ។

លោកបានបន្ថែមថា ដោយសារមានទីផ្សារល្អបែបនេះកាលចាប់ផ្ដើមដំបូងក្នុងសហគមន៍មានត្រឹម ៩ រោងសំណាញ់ហើយបានបង្កើនឡើងដល់ជាង ២០ រោងខណៈមានពលរដ្ឋមួយចំនួនទៀតកំពុងចូលរួមជាសមាជិកក្នុងការដាំបន្លែសុវត្ថិភាពនេះជាបន្តបន្ទាប់។

សមាជិកក្នុងសហគមន៍នេះបានបញ្ជាក់ថា សម្រាប់ទីផ្សារវិញបន្លែប្រភេទនេះក្នុងមួយគីឡូក្រាមអាចលក់បានក្នុងចន្លោះពី ៣៥០០រៀល ទៅ ៥០០០រៀល ដែលជាតម្លៃជាក់លាក់ និងមានការចុះកិច្ចព្រមព្រៀងត្រឹមត្រូវ និងដឹងឮពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕


ប្រភព៖ ក្រសួងព័ត៌មាន


