ស្រុកបន្ទាយស្រី មានចម្ការតាង៉ែនលើកដំបូងដោយអនុញ្ញាតឱ្យភ្ញៀវទេសចរទៅលេង ហើយលក់ជូនត្រឹមតែ ៥ ពាន់រៀលប៉ុណ្ណោះក្នុងមួយគីឡូ
អាជីវកម្ម January 20, 2021 Chan Sreyny

បន្ទាប់ពីការប្រកាសរបស់រដ្ឋបាលបន្ទាយស្រី ក្នុងការកែរប្រែស្រុកបន្ទាយស្រីឱ្យក្លាយទៅជាដែនដីកសិទេសចរណ៍​ ឥលូវនេះស្រុកបន្ទាយស្រីបានបង្កើតចម្ការតាង៉ែនដែលស្ថិតនៅជើងភ្នំគូលែន។ យោងតាមការបង្ហោះនៅក្នុងផេកហ្វេសប៊ុកផ្លូវការណ៍របស់អភិបាលស្រុកវ័យក្មេងលោក ឃឹម ហ្វីណង់ បានរៀបរាប់ថា « តោះអ្នកសៀមរាបមកសាកភ្លក់រសជាតិ និងគាំទ្រផ្លែតាង៉ែនក្នុងខេត្តយើងម្តង។ ប្រហែលជានៅមិនទាន់មានអ្នកដឹងច្រើនទេថា នៅជើងភ្នំគូលែនមានចម្ការតាង៉ែនដ៏គួរឱ្យចង់មកលេងមួយនេះ។ ដើម្បីចូលរួមជម្រុញឱ្យមានការរីកចម្រើន និងបង្កើនភាពទាក់ទាញខាងផ្នែកកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី ម្ចាស់ចម្ការបានយល់ព្រមសហការជាមួយរដ្ឋបាលស្រុកដោយលក់ជូនក្នុងតម្លៃពិសេស (ត្រឹមតែ ៥០០០ រៀលក្នុងមួយគីឡូ) សម្រាប់អ្នកទេសចរដែលអញ្ជើញមកទិញដល់ចម្ការផ្ទាល់ ហើយអនុញ្ញាតឱ្យដើរកាច់យកខ្លួនឯង និងអាចបេះហូបពីដើមម៉ាសេរី ដោយមិនគិតថ្លៃបន្ថែមទៀតផង។

លោកបន្តថា « ខ្ញុំពិតជាចង់ឃើញបងប្អូនប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រី និងអ្នកវិនិយោគនាំគ្នាដាំដំណាំហូបផ្លែឱ្យបានច្រើន ជាពិសេសប្រភេទដែលលក់បានថ្លៃមានភាពទាក់ទាញ និងមានទីផ្សារទូលំទូលាយសម្រាប់វិស័យទេសចរណ៍ហើយរៀបចំចម្ការ និងកសិដ្ឋានរបស់ខ្លួនឱ្យទៅជារមណីយដ្ឋានសម្រាប់មកលេងកម្សាន្តផង។ បើធ្វើបែបនេះបាន ខ្ញុំជឿថាយើងនឹងអាចជម្រុញឱ្យអ្នកទេសចរមកលេងស្រុករបស់យើងកាន់តែច្រើន ព្រមទាំងអាចនាំចេញនូវកសិផលទាំងនេះទៅផ្គត់ផ្គង់ដល់ក្នុងក្រុងសៀមរាបទៀតផង »។

លោកបន្ថែមថា « រដ្ឋបាលស្រុកត្រៀមខ្លួនរួចជាស្រេចក្នុងការជម្រុញទីផ្សារ និងផ្តល់ការគាំទ្រគ្រប់រូបភាពធ្វើយ៉ាងណាដើម្បីឱ្យបន្ទាយស្រីសម្រេចបាននូវចក្ខុវិស័យជា «ដែនដីកសិទេសចរណ៍» ដ៏គួរឱ្យទាក់ទាញមួយនៅក្នុងពេលអនាគត »។

គួរបញ្ជាក់ផងដែរថា ដើមតាង៉ែនទាំងនេះមិនមានបាញ់ថ្នាំគីមីឡើយមានសុវត្ថិភាព ១០០% សម្រាប់ការបេះហូបភ្លាមៗពីដើមផ្ទាល់ តែមានលក្ខខណ្ឌតម្រូវឱ្យទិញចាប់ពី ១០គីឡូ ឡើងទៅទើបអាចធ្វើដូច្នេះបាន៕

អត្ថបទ៖ នីតា