ប្រជាពលរដ្ឋកាន់តែច្រើន បានងាកមកចាប់ អារម្មណ៍លើផ្ទះចល័តបែបលក្ខណៈជាផ្ទះលំហែកាយ សម្រាប់ដាក់នៅតាមរមណីយដ្ឋាន រីសត ដីចម្ការជាដើម ព្រោះវាមានតម្លៃសមរម្យ ងាយស្រួលក្នុងការស្នាក់នៅ និងអាចចល័តពីកន្លែងមួយទៅកន្លែងមួយទៀតបាន ។ លោកស្រី ដួង សុផាវី ម្ចាស់សិប្បកម្មសង់ផ្ទះចល័ត ស្ថិតនៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ថា សិប្បកម្មរបស់លោកស្រី មានភ្ញៀវមកកុម្ម៉ង់ធ្វើជាផ្ទះសម្រាប់លំហែកាយនៅតាមចម្ការ និងតាមរីសត សម្រាប់ការស្នាក់នៅបែបលំហែកាយ មានជាហូរហែ។
លោកស្រីបន្តថា ដោយសារតែអតិថិជន មានគំនិតចង់ច្នៃប្រឌិត និងការរចនាម៉ូត បន្ទប់ទៅតាមចំណងចំណូលចិត្តនោះ ទើបធ្វើឱ្យផ្ទះលំហែកាយនេះ មានភាពស្រស់ស្អាត ប្លែក ទាំងបុរាណ និងសម័យ ។ ដោយសាកល្បងឃើញប្រទេសជិតខាងគាត់ដើរមុនយើង ហើយភាគច្រើនគាត់និយមប្រើផ្ទះបែបលំហែកាយដែរ ហើយណាមួយទៀតគិតថា បងប្អូននៅស្រុកខ្មែរយើងគាត់អត់ការងារធ្វើច្រើន យើងបង្កើតមុខរបរមួយស្មើ នឹងយើងជួយបងប្អូនជាច្រើននៅក្នុងស្រុកខ្មែរ មិនត្រឹមតែជួយគាត់ទេ គឺជួយដល់ក្រុមគ្រួសារគាត់ដែលនៅផ្ទះ ប្រពន្ធកូន គឺយើងកាត់បន្ថយការចំណាកស្រុកបានច្រើន ជួយទាំងគាត់ជួយទាំងគ្រួសារគាត់បានរស់នៅជុំគ្នាតែម្ដង ។

ម្ចាស់សិប្បកម្មរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចង់ប្រកបមុខរបរអ្វីមួយ គួរឈ្វេងយល់ឱ្យបានច្បាស់លាស់ពីទីផ្សារនាពេលបច្ចុប្បន្ន និងបច្ចេកទេស ក្នុងការធ្វើឱ្យបានត្រឹមត្រូវកុំឱ្យខាតបង់ថវិកា ។ សូមបញ្ជាក់ថា សិប្បកម្មផ្ទះចល័តនេះបង្កើតតាំងពីឆ្នាំ២០១៨ ដែលមានសមាជិកចំនួន៣៥នាក់ និងមានផ្ទៃដីអាចសាងសង់ផ្ទះបានចំនួន១០ខ្នង រហូតដល់៣០ខ្នង តាមទំហំចំនួនតិច ឬ ច្រើន សម្រាប់តម្លៃចាប់ពី ៩.៥០០ដុល្លារអាម៉េរិក រហូតទៅដល់ ៥០.០០០ដុល្លារអាម៉េរិក តាមចំនួនបន្ទប់ដែលអតិថិជនបានកុម្ម៉ង ៕









ប្រភព៖ ក្រសួងព័ត៌មាន


