ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន ៧៥% ដោយនឹងរក្សាបុគ្គលិកត្រឹមតែ ១/៤ នៃបុគ្គលិកសរុបប៉ុណ្ណោះ ហើយនិងស្នើឲ្យបុគ្គលិកផ្សេងទៀតទទួលយកការឈប់សម្រាកដោយគ្មានប្រាក់ឈ្នួលសម្រាប់រយៈពេល ៤ ខែ ដោយគិតចាប់ផ្តើមពីខែកុម្ភៈ ព្រោះការផ្ទុះឡើងវីរុស Covid-19 បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍។ លោក Tassapon Bijleveld ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Asia Aviation Plc (AAV) ដែលជាម្ចាស់ភាគហ៊ុនធំបំផុតនៃក្រុមហ៊ុនអាកាសចរណ៍បាននិយាយកាលពីថ្ងៃច័ន្ទថា មានតែកម្លាំងពលកម្ម ២៥% ប៉ុណ្ណោះ ដែលនឹងនៅតែបន្តធ្វើការបន្ទាប់ពីខែនេះ ដោយសារក្រុមហ៊ុនអាកាសចរណ៍នេះកំពុងធ្លាក់ចុះ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង។
ទោះជាយ៉ាងណាក្ដី ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនរូបនេះ មិនបានបញ្ជាក់ពីទំហំនៃកម្លាំងពលកម្មនោះទេ ប៉ុន្តែបើយោងតាមរបាយការណ៍ប្រចាំឆ្នាំចុងក្រោយរបស់ AAV មានបុគ្គលិកចំនួន ៥,៩៧៤ នាក់នៅឆ្នាំ ២០១៩ ។ លោក Tassapon Bijleveld បានបន្តឲ្យដឹងថា មុនពេលកើតឡើងនៃវីរុស covid-19 Thai AirAsia មានយន្តហោះចំនួន ៤០ បម្រើការហោះហើរក្នុងស្រុក ប៉ុន្តែចាប់តាំងពីមានការលេចចេញជាថ្មីនៃការផ្ទុះនេះ រួមទាំងការចាក់សោរខេត្តមួយចំនួន បានធ្វើឲ្យប្រជាជនមិនអាចធ្វើដំណើរ និតតម្រូវការអ្នកដំណើរបានធ្លាក់ចុះ គួរឲ្យកត់សម្គាល់នៅតាមព្រលានយន្តហោះទាំងអស់។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនក៏មានយន្តហោះចំនួន ៦២គ្រឿងទៀត ដែលមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញចាប់តាំងពីមានការចាក់សោរទូទាំងប្រទេសលើកដំបូង កាលពីខែមេសា ឆ្នាំមុន។ ខណៈបច្ចុប្បន្នយន្តហោះទាំងនោះ ហោះហើរបានតែ ១០គ្រឿងប៉ុណ្ណោះ ដោយសារតែតម្រូវការយឺត សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស។ លោក Tassapon បានបន្ថែមថា ក្រុមហ៊ុនមានក្តីសង្ឃឹមតិចតួចសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ពីរដ្ឋាភិបាល ហើយឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia កំពុងព្យាយាមធានាប្រាក់កម្ចីពីធនាគារដោយខ្លួនឯងជំនួសឱ្យការរង់ចាំការយល់ព្រមពីរដ្ឋ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមខែកញ្ញាឆ្នាំ ២០២០ ការចំណាយទាក់ទងនឹងបុគ្គលិកមានចំនួន ១៨% នៃចំណាយប្រតិបត្តិការដែលជាអត្រាខ្ពស់បំផុតទី២ បន្ទាប់ពីប្រេងឥន្ធនៈ។ ជាមួយគ្នានេះក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបមួយនេះ បានដឹកអ្នកដំណើរចំនួន ៦.៦៨ លាននាក់ ដែលជាការធ្លាក់ចុះ ៦០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩៕



អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


