យោងតាមមន្ត្រីជំនាញបានឱ្យដឹងថា ការងារផលិតអំបិលសម្រាប់ឆ្នាំថ្មីដើមឆ្នាំ ២០២១នេះ ប្រជាកសិករខេត្តកំពត-កែប កំពុងចាប់ផ្ដើមប្រមូលផលអំបិលជាបណ្ដើរៗហើយ ដោយមានកន្លែងខ្លះទើបប្រមូលផលបានម្ដង កន្លែងខ្លះបានពីរដង និងមានកន្លែងខ្លះទៀតជិតចាប់ផ្ដើមប្រមូលផល។ លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពតបានមានប្រសាសន៍ថា « ការផលិតអំបិលកាលពីឆ្នាំ ២០២០ សម្រាប់ខេត្តកំពត-កែបទិន្នផលអំបិលខ្ពស់ ប្រមូលបានជិត ១០ម៉ឺនតោន ដែលអាចគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារ ។ បើគិតត្រឹមថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅមានសល់អំបិលក្នុងឃ្លាំងប្រហែលជាង ១ម៉ឺនតោន ដើម្បីបន្ដផ្គត់ផ្គង់ទៅឆ្នាំថ្មី »។
លោកបន្តថា « ពេលនេះ ចាប់ផ្ដើមប្រមូលផលបាន ៣មណ្ឌល គឺមណ្ឌលបឹងរូងទី១ មណ្ឌលបឹងរូងទី២ និងមណ្ឌលត្រើយកោះបានចាប់ផ្ដើមប្រមូលផលបណ្ដើរៗហើយ។ ហើយនៅសល់៣មណ្ឌលទៀតកំពុងតែចាប់ផ្ដើមជិតបានប្រមូលផលហើយ។ ដោយការប្រមូលផលក្នុងមួយមណ្ឌលបាន ៤ ទៅ ៥ ក្រុមផលិត វាមិនទាន់បានប្រមូលផលស្រុះគ្នានៅឡើយទេ។ ដោយមានអ្នកខ្លះធ្វើទៅរាងយឺតបន្តិច មានអ្នកខ្លះធ្វើបានមុនទៅអាចកើបបានពីរដង អ្នកណាខ្លះទៀតទៅកើបបានម្ដង អ្នកខ្លះទៅអំបិលចាប់ផ្ដើមបណ្ដុះនៅស្រែបណ្ដុះអត់ទាន់បានកើប »។

លោកប្រធានបញ្ជាក់ថា បច្ចុប្បន្នអំបិលចំនួន ៥០គីឡូក្រាម ប្រភេទលេខ១ មានតម្លៃ ចន្លោះពី ១ម៉ឺន ២ពាន់រៀល ទៅ ១ម៉ឺន ២ពាន់ ៥រយរៀល ប្រភេទលេខ២ តម្លៃ ១ម៉ឺនរៀល និងប្រភេទលេខ៣ តម្លៃចន្លោះពី ៨ពាន់ ទៅ ៩ពាន់រៀល៕

ប្រភព៖ ក្រសួងព័ត៌មាន


